ខេត្តក្រចេះ៖ បន្ទាប់ពីលោក សៅ សុខា បានដាក់ចេញនូវផែនការ៤ចំណុចរួចលោក សាន្ត ប៊ុនថានបានត្រៀមកម្លាំងនិងដាក់តាមគោលដៅលើផ្លូវជាតិលេខ៧ តាមស្នាក់ការសន្តិសុខ៧០៧ និង ផ្លូវ៧៦ ចំណុច ៨៨ ត្រពាំងស្រែដើម្បី ការពារទប់ស្កាត់ ការចរាចរឆ្លងដែន ជាពិសេសគោលដៅសំខាន់ៗ ដែលក្រុមបទល្មើសដែលចរាចរណ៍។ក៏ប៊ុន្តែ មហាជនបានរិះគន់ថា ការដាក់ពង្រាយ កម្លាំង គ្រប់គោលដៅ របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះហាក់បីដូចជាដាក់ឲ្យប្រមូលលុយពីក្រុមឈ្មួញ។
អ្នកឃ្លាំមើលបទល្មើសព្រៃឈើ រិះគន់ថាលោកសាន្ដ ប៊ុនថាន មេបញ្ជាការរាជអាវធហត្ថខេត្តក្រចេះ អាចជាអ្នក បើកដៃឲ្យឈ្មួញរកសុីឈើទាំងតូចទាំងធំសម្រុកដឹកឈើចេញទៅលក់នៅវៀតណាមគ្មានការទប់ស្កាត់ឬបង្ក្រាបឡើយ ហើយបានឲ្យកូនចៅក្រោមឱវាទឈរជើង តាមគោលដៅ និងតាមច្រករបៀងនានាដែលឈ្មួញដឹកឈើទៅលក់ឲ្យវៀតណាមដូចជាឈរជើងចាំប្រមូលលុយនិងមើលផ្លូវឲ្យក្រុមឈ្មួញ។
ប្រភពបានឲ្យដឹងថា រាល់ឡានដឹកឈើប្រណីតៗតាមច្រកនានា ក្នុងខេត្តក្រចេះ ដើម្បីចេញទៅលក់នៅវៀតណាមបាន ពួកឈ្មួញឈើធំៗ ដូចជាឧកញ៉ាគង់ ក្រឹង និងឈ្មួញផ្សេងៗទៀត ត្រូវលោកមេបញ្ជាការអាវុធហត្ថខេត្តលោក សាន្ត ប៊ុនថាន បានប្រាប់កូនចៅជំនិតៗ ដែលតាមកាងឡានដឹកឈើទាំងនោះ ។ ជាក់ស្តែងនៅយប់ថ្ងៃទី ទី៣.៥.២០១៩វេលាម៉ោង៧.៣០នាទី មានទាំងម៉ូតូនិងឡានឆ្នៃដឹកឈើលក់ឲ្យវៀតណាមចេញតាមឃុំក្រញូងសែនជ័យ កាត់តាមភូមិវាល៣ ទៅច្រកងាំ ០៦នៃព្រំប្រទល់ខេត្តក្រចេះនិងវៀតណាម។
សមត្ថកិច្ចនៃស្ថាប័នផ្សេងៗទៀត ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសព្រៃឈើ បានលួចខ្សឹបប្រាប់ឱ្យដឹងថា រាល់ថ្ងៃពួកគាត់នៅទីនេះ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រាន់តែកម្លាចប្រជាពលរដ្ឋ រកស៊ីតូចតាចតែប៉ុណ្ណោះ តែបើប៉ះឡានដឹកឈើ របស់ឈ្មួញធំៗគឺពួកគាត់មិនហ៊ានបង្ក្រាបទេ ព្រោះឈ្មួញទាំងនេះជាឆ្នាំងបាយរបស់មេៗនៅខេត្តក្រចេះនេះ។ និយាយជារួម ទាំង អាជ្ញាធរ សមត្ថកិច្ចនៅក្នុងខេត្តក្រចេះទាំងមូល មានការបើកដៃ និងឃុបឃិតជាមួយមេឈ្មួញរកស៊ីឈើប្រណីតជើងខ្លាំងដុះស្លែរគឺឧកញ៉ា គង់ ក្រឹង នោះផងដែរ ទើបអស់លោកមិនបង្ក្រាបទាល់តែសោះ។
មហាជនរងចាំមើលថាតើ លោក សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានចំណាត់ការបែបណាទៅលើ លោក សាន្ត ប៊ុនថាន ដែលកំពង្រាយកូនចៅហាក់ដូចជាឲ្យឃុបឃិតជាមួយឈ្មួញ បំផ្លាញ់សម្បត្តិធម្មជាតិព្រៃឈើ ?។បើនាយឧត្តមសេនីយ៍មិនទប់ស្កាត់ទាន់ពេលវេលានោះទេ ព្រៃឈើនៅប៉ែកភាគ ឦសាន្តប្រាកដជារលាយហិនហោច ដោយសារស្នាដៃឈ្មួញនឹងមន្ត្រីរាជអាវុធហត្ថខេត្តក្រចេះ ទាំងអស់នោះជាក់ជាមិនខាន។
ពាក់ពន្ធ័និងការរិះគន់ ការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ខាងលើច្បាស់ណាស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ទើបមានការនាំចេញលក់នៅវៀតណាម តាមច្រកទាំងនោះយ៉ាងរលូន ដោយមិនខ្វល់ពីផែនការ៤ចំណុចរបស់ នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពយើងមិនអាចសុំការបកស្រាយពីលោកសាន្ត ប៊ុនថានបានទេថ្ងៃនេះ៕



