នៅសាលាខេត្តកំពត នារសៀលថ្ងៃទី ២៩ ខែមេសាឆ្នាំ២០១៩ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបវាយតម្លៃលទ្ធផលសកម្មភាពការងាររដ្ឋបាលខេត្តកំពតក្នុងខែមេសាឆ្នាំ២០១៩។
សមាជិកកិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្តថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកនិងមន្ត្រីសមត្ថកិច្ចប្រចាំការក្នុងភូមិសាស្ត្រខេត្តកំពតសរុបចំនួន៧២នាក់។
របៀបវារៈកិច្ចប្រជុំរួមមាន៖
-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០១៩ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
-ពិនិត្យពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការខែមីនាឆ្នាំ២០១៩។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមកនេះ។ ពិសេសសកម្មភាពលទ្ធផលការងារក្នុងខែមេសាដែលរដ្ឋបាលខេត្តកំពតបានរៀបចំនូវព្រឹត្តិការណ៍កំពតសង្ក្រាន្តនៃពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានកន្លងផុតទៅថ្មីៗនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោក ជាវ តាយអភិបាលខេត្តក៏ថ្លែងអំណរគុណកោតសរសើរ ចំពោះអាជ្ញាធរក្រុង ស្រុក ថ្នាក់ដឹកនាំក្នុងខេត្តគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តដែលបានចូលរួមបម្រើឲ្យសកម្មភាពនូវព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០១៩ដែលរដ្ឋបាលខេត្តកំពតរៀបចំធ្វើឡើងទទូលបានលទ្ធផលល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្កការសប្បាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិចូលរួមកំសាន្តយ៉ាងច្រើនជាងបណ្ដាឆ្នាំកន្លងទៅ។
លោកអភិបាលខេត្តក៏បានណែនាំផ្ដាំផ្ញើជំរុញឲ្យអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជំនាញនិងកងកម្លាំងសមត្ថកិច្ចទាំងអស់បន្តចូលរួមអនុវត្តសកម្មភាពការងារជំនាញរៀងៗខ្លួនឲ្យបានកាន់តែប្រសើរថែមទៀតដើម្បីរួមគ្នាក្នុងគោលដៅតែមួយគឺសេចក្ដីសុខនិងការរីកចម្រើនរបស់ប្រទេសជាតិនិងប្រជាជន៕ សេង ណារិទ្ធ





