(កំពង់ធំ)÷រឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងចោទជាសំណួរចំពោះការអនុវត្តនីតិវិធីលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកំពង់ធំ គឺករណីរដ្ឋបាលខេត្តបានសម្រេចដាក់ក្រុមហ៊ុនចំនួន២ចូលក្នុងបញ្ជីខ្មៅ ដោយលើកឡើងពីការសង្ស័យមានចេតនាត្រូវគ្នា និងឃុបឃិតក្នុងការដេញថ្លៃ ប៉ុន្តែក្រោយមក សេចក្តីសម្រេចដាក់បញ្ជីខ្មៅនេះត្រូវបាននិរាករណ៍វិញ។
តើការនិរាករណ៍នេះធ្វើឡើងដោយសាររកឃើញថា ការសម្រេចដាក់បញ្ជីខ្មៅដំបូងមានកំហុសផ្នែកនីតិវិធី ឬដោយសារមូលហេតុផ្សេងទៀត? តើមានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើអង្គហេតុដើមយ៉ាងដូចម្តេចខ្លះ? ហើយតើសាធារណជនអាចទទួលបានការបកស្រាយច្បាស់លាស់ពីស្ថាប័នមានសមត្ថកិច្ចដែរឬទេ?
យោងតាមសេចក្តីសម្រេចលេខ ០៤៩/២៦ សសរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តបានសម្រេចដាក់ក្រុមហ៊ុនចំនួន២ចូលក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតឱ្យចូលរួមដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ។
ក្រុមហ៊ុនទាំងពីរនោះ រួមមាន៖
១. ក្រុមហ៊ុន ទួន សុផល ដែលមានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៦លេខរៀងទី២ របស់ខេត្តរតនគិរី។
២. ក្រុមហ៊ុន ម៉ៅ សារ៉េត ខនស្ត្រាក់សិន ដែលមានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៦ លេខរៀងទី៥របស់ខេត្តកំពង់ចាម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមូលហេតុនៃការដាក់បញ្ជីខ្មៅដំបូង។
តាមខ្លឹមសារសេចក្តីសម្រេច រដ្ឋបាលខេត្តបានលើកឡើងថា ក្រុមហ៊ុនទាំងពីរមានចេតនាត្រូវគ្នា និងឃុបឃិតក្នុងការដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំកំពង់ថ្ម ស្រុកសន្ទុក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលាឃុំកំពង់ថ្ម ដោយមានការដាក់សំណើដេញថ្លៃដែលត្រូវបានចាត់ទុកថាមានភាពមិនប្រក្រតី។
នេះជាការលើកឡើងនៅក្នុងឯកសារផ្លូវការរបស់រដ្ឋបាលខេត្ត មិនមែនជាការសន្និដ្ឋានថ្មីរបស់អង្គភាពសារព័ត៌មាននោះទេ។ ដូច្នេះ ចំណុចសំខាន់គឺត្រូវពិនិត្យថា តើអង្គហេតុដែលបានលើកឡើងនោះ ត្រូវបានផ្ទៀងផ្ទាត់យ៉ាងដូចម្តេច ហើយមានភស្តុតាង និងមូលដ្ឋាននីតិវិធីអ្វីខ្លះដែលគាំទ្រដល់ការសម្រេចដំបូង។
ប៉ុន្តែអ្វីដែលធ្វើឱ្យមានសំណួរបន្ត គឺនៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីសម្រេចស្តីពីការនិរាករណ៍សេចក្តីសម្រេចលេខ០៤៩/២៦ សសរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយយោងទៅលើលិខិតលេខ៤៥២ ស.ជ.ណ.អ.រប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ។
ន័យនេះ គឺសេចក្តីសម្រេចដាក់ក្រុមហ៊ុនទាំងពីរចូលក្នុងបញ្ជីខ្មៅត្រូវបាននិរាករណ៍តាមសេចក្តីសម្រេចថ្មី។ ប៉ុន្តែពីឯកសារដែលអង្គភាពព័ត៌មានរាល់ថ្ងៃទទួលបាននៅពេលនេះ មិនទាន់អាចបញ្ជាក់បានច្បាស់ថា តើមូលហេតុជាក់លាក់នៃការនិរាករណ៍ គឺដោយសាររកឃើញកំហុសក្នុងសេចក្តីសម្រេចដំបូង កំហុសផ្នែកនីតិវិធី ឬមូលហេតុផ្សេងទៀតឡើយ។
ហេតុនេះហើយ ទើបមានសំណួរថា:- បើការដាក់បញ្ជីខ្មៅដំបូងមានមូលដ្ឋានត្រឹមត្រូវ តើការនិរាករណ៍ត្រូវបានធ្វើឡើងដោយផ្អែកលើអង្គហេតុ និងមូលដ្ឋានច្បាប់អ្វី? ផ្ទុយទៅវិញ បើការសម្រេចដំបូងមានកំហុស តើកំហុសនោះស្ថិតនៅត្រង់ចំណុចណា ហើយអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការសម្រេចដែលបានធ្វើឡើងកន្លងមក?
សំណួរទាំងនេះមិនមែនជាការចោទប្រកាន់ថា មានអ្នកណាម្នាក់បានប្រព្រឹត្តខុសនោះទេ ប៉ុន្តែជាសំណួរដែលគួរត្រូវបានបំភ្លឺ ដើម្បីឱ្យសាធារណជនយល់ច្បាស់ពីដំណើរការសម្រេចចិត្ត និងធានាថាការគ្រប់គ្រងលទ្ធកម្មសាធារណៈមានតម្លាភាព និងគណនេយ្យភាព។
អង្គភាពព័ត៌មានរាល់ថ្ងៃ ស្នើសុំឱ្យរដ្ឋបាលខេត្តកំពង់ធំ បំភ្លឺជាសាធារណៈលើចំណុចសំខាន់ៗដូចខាងក្រោម:-
តើលិខិតលេខ៤៥២ ស.ជ.ណ.អ.រប ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មានខ្លឹមសារណែនាំ ឬមូលដ្ឋានអ្វីខ្លះ ដែលនាំឱ្យមានការនិរាករណ៍សេចក្តីសម្រេចដាក់ក្រុមហ៊ុនទាំងពីរចូលក្នុងបញ្ជីខ្មៅ?
តើការសម្រេចនិរាករណ៍នេះផ្អែកលើការពិនិត្យឡើងវិញនៃភស្តុតាងពាក់ព័ន្ធនឹងការដេញថ្លៃនៅឃុំកំពង់ថ្ម ឬផ្អែកលើបញ្ហានីតិវិធីរដ្ឋបាល?
តើមានការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើឯកសារដេញថ្លៃ និងមូលហេតុដែលបានលើកឡើងក្នុងសេចក្តីសម្រេចដំបូងដែរឬទេ?
តើការនិរាករណ៍នេះមានន័យថា ក្រុមហ៊ុនទាំងពីរអាចចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឡើងវិញបានភ្លាមៗឬយ៉ាងណា ហើយតើមានលក្ខខណ្ឌអ្វីខ្លះត្រូវអនុវត្តបន្ត?
ជាការពិត ការសម្រេចរដ្ឋបាលអាចត្រូវបានកែតម្រូវ ឬនិរាករណ៍នៅពេលមានមូលដ្ឋានសមស្រប។ ប៉ុន្តែអ្វីដែលមិនគួរខ្វះ គឺការបកស្រាយច្បាស់លាស់អំពីមូលហេតុ និងមូលដ្ឋាននៃការសម្រេច ដើម្បីជៀសវាងការសង្ស័យពីសាធារណជន និងរក្សាទំនុកចិត្តលើប្រព័ន្ធគ្រប់គ្រងលទ្ធកម្មសាធារណៈ។
បើឃើញភាពមិនប្រក្រតី ត្រូវពិនិត្យឱ្យដល់ឫសគល់; បើរកឃើញថាការសម្រេចដំបូងមានកំហុស ត្រូវបង្ហាញមូលហេតុឱ្យច្បាស់។
ព្រោះការពិនិត្យដំបូងដាក់ថាមានកំហុសខ្បាស់ណាស់។ ការនិរាករណ៍មួយមិនគួរបញ្ចប់ត្រឹមការចេញលិខិតថ្មីនោះទេ ប៉ុន្តែគួរមានការបំភ្លឺដែលអាចឆ្លើយតបនឹងសំណួររបស់សាធារណជនបាន។




