ប៉ៃលិន៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាលាក្រៅ ដឹកនាំដោយលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានចុះយុទ្ធនាការរួមគ្នា ដោយកិច្ចសហការជាមួយ មន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ លាងសម្អាត និងរៀបចំសណ្តាប់ធ្នាប់ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ព្រំដែន និងការពារបរិស្ថាន។
លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៍ឲ្យដឹងថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ គឺជាមុខមាត់ នៃប្រទេសកម្ពុជា ក៏ដូចជាខេត្តប៉ៃលិន ហើយការរក្សាបាន នូវភាពស្អាត បៃតង និងមានសណ្តាប់ធ្នាប់ អាចបង្កើតចំណាប់អារម្មណ៍ដ៍ល្អដំបូងបំផុត ដល់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់។
លោកអភិបាលស្រុកសាលាក្រៅ មានប្រសាសន៍បន្តថា៖ នៅក្នុងយុទ្ធនាការនេះ ក៍មានការសហការជាមួយកម្លាំងចម្រុះរួមមាន អាជ្ញាធរស្រុកសាលាក្រៅ មន្ត្រីរាជការនៃមន្ទីរបរិស្ថាន មន្ទីរធនធានទឹក ក្រុមយុវជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរួមគ្នាចុះបោសសម្អាត ប្រមូលកាកសំណល់-សំរាម កាប់ឆ្ការព្រៃក្បែរផ្លូវ កាត់ស្មៅ កែប្រែសួនច្បារ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅសងខាងផ្លូវ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ។ ជាមួយគ្នានេះ ការប្រមូល និងគ្រប់គ្រងសំរាមបានត្រឹមត្រូវ អាចជួយកាត់បន្ថយការបំពុលដី ខ្យល់ និងប្រភពទឹក នៅតំបន់ព្រំដែន ,កាត់បន្ថយជម្រកសត្វល្អិតចង្រៃ និងការពារជំងឺឆ្លងផ្សេងៗដែលកើតចេញពីបរិស្ថានមិនស្អាត។
លោកអភិបាលស្រុកសាលាក្រៅ មានប្រសាសន៍បញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការ និងស្មារតីសាមគ្គីភាព គឺជាការបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ (ស្រុក) មន្ទីរជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយបញ្ហារួម ហើយក៍ផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងអាជីវករនៅតំបន់ព្រំដែន ឱ្យយល់ដឹងកាន់តែច្បាស់ អំពីអនាម័យបរិស្ថាន និងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។
លោកបញ្ជាក់បន្ថែមថា៖ បរិស្ថានស្អាត និងមានខ្យល់អាកាសបរិសុទ្ធ គឺជាកត្តាសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងលំហែកាយ នៅក្នុងខេត្តប៉ៃលិនកាន់តែច្រើន រួមផ្សំនិងការរៀបចំ សណ្តាប់ធ្នាប់ល្អ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងកាត់ ប្រកបដោយភាពរលូន និងសុវត្ថិភាព។
គួរំលឹកផងដែរថា៖ យុទ្ធនាការសម្អាត និងរៀបចំសណ្តាប់ធ្នាប់ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ មិនត្រឹមតែជាការធ្វើអនាម័យមួយគ្រានោះទេ ប៉ុន្តែជាជំហានយុទ្ធសាស្ត្រមួយ ក្នុងការប្រែក្លាយតំបន់ព្រំដែន នៃខេត្តប៉ៃលិន ឱ្យទៅជាតំបន់ប្រកប ដោយសោភ័ណភាព បរិស្ថានល្អ និងភាពទាក់ទាញ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយចីរភាពផងដែរ៕




