(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូនដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាននេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖
១៖ ឈ្មោះ ប៊ុត ពុទ្ធី ជាចាងហ្វាងអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»
២៖ ឈ្មោះ យ៉ាន ឃួនមុន្នី ជានិពន្ធនាយកអង្គភាពគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»
៣៖ លោក វឿ ពុទ្ធី និពន្ធនាយកអង្គភាពកាសែតស្រឡាញ់ជាតិ។
ចំណាត់ការដ៏លឿនរហ័សរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងបោសសំអាតរាល់អ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានចែងច្បាស់ក្រុមអ្នកសារព័ត៌មានគ្មានសមត្ថកិច្ចទៅស្ទាក់ឃាត់រថយន្តលើដងផ្លូវសាធារណៈបែបនេះនោះឡើយ។
ទង្វើរបស់អ្នកសារព័ត៌មាននេះ មិនត្រឹមផ្ទុយនឹងច្បាប់ ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ តែក៏ជាការប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថែមទៀតផង។ ពួកគេអាចនឹងមានចំណាត់ការផ្លូវច្បាប់ បើមានពាក្យបណ្តឹងពីម្ចាស់រថយន្តឈ្នួល៕



