(ខេត្តកែប)៖ នៅព្រឹកថ្ងៃពុធ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត ដែលរៀបចំដោយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលពីលោក លោកស្រី អភិបាលរងខេត្ត គណៈអភិបាល ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីអង្កភាព លោកគ្រូ អ្នកគ្រូ ក្មួយៗស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីនេះរៀបចំឡើងនៅឯវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងគោលបំណងផ្សព្វផ្សាយនូវយុទ្ធសាស្ត្រ ក្នុងការលុបបំបាត់គ្រឿងញៀន និងការទប់ស្កាត់កុំឲ្យមានការប្រព្រឹត្តបទល្មើសគ្រឿងញៀន ពិសេសដើម្បីធ្វើឲ្យសហគមន៍យើងគ្មានគ្រឿងញៀន។
យោងតាមរបាយការណ៍ របស់លោក ណុប មណ្ឌល ប្រធានមន្ទីរទំទាក់ទំទងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែបបានឲ្យដឹងថា ក្នុងការផ្សព្វផ្សាយនូវខ្លឹមសារខាងលើ គឺមានរបៀបវារៈសំខាន់ដែលសម្រាប់ជំរុញដល់សិស្សានុសិស្សត្រូវត្រងត្រាប់ ដូចជាការបង្ហាញអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដោយមន្ត្រីជំនាញ ថែមទាំងមានកម្មវិធីសំណួរចម្លើយ ដែលអ្នកសម្របសម្រួលត្រូវអនុញ្ញាតឲ្យសមាជិក សមាជិកានៃអង្គពិធីទាំងមូលលើកឡើងជាសំណួរ ហើយបកស្រាយឲ្យស្របទៅនឹងប្រធានបទខាងលើ។លោកបានបន្តថា ក្នុងវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យគ្រឿងញៀននាព្រឹកនេះ យើងអាចសន្និដ្ឋានបានថា សមាជិក សមាជិកា ពិសេសសិស្សានុសិស្សនឹងយកចិត្តទុកដាក់ និងបញ្ចៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម។
មានប្រសាសន៍ទៅកាន់អង្គពិធី លោក កែន សត្ថា អភិបាលខេត្ត ក៏បានលើកឡើងថា គ្រឿងញៀន គឺបានធ្វើឲ្យប៉ះពាល់ និងអន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៏ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសស្រទាប់យុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចផងដែរ។
លោកអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀនវាពិតជាបានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀន ព្រោះសារជាតិរបស់គ្រឿងញៀនធ្វើឲ្យយើងខូចសុខភាព ទ្រុឌទ្រោមកម្លាំង ឆ្លងមេរោគផ្សេងៗ បាត់បង់ស្មារតី បាត់បង់ធនធានមនុស្ស ទៅជាឆ្កួត ហើយចុងក្រោយអាចស្លាប់ទៀតផង។ ដូច្នេះលោកត្រូវតែទាមទារឲ្យមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធ គឺរួមគ្នាចំចាត់គ្រឿងញៀនឲ្យអស់ពីមូលដ្ឋានរបស់យើង។
ជាមួយនេះ លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀនឲ្យផុតពីសហគមន៍យើង ហើយវិធានការនោះគឺការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសង្គម។
នៅចុងក្រោយកម្មវិធីនេះ ក៏មានការសួរសំណួរ និងចម្លើយពីសិស្សានុសិស្សដើម្បីយករង្វាន់ពីគណៈអធិបតីផងដែរ៕
សេង ណារិទ្ធ











