(ខេត្តកែប) ៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប អមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
ពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្តកែបទាំងមូល។
តាមរបាយការណ៍របស់លោក កែន សត្ថា អភិបាលខេត្តកែប បានឲ្យដឹងថា រយៈពេលកន្លងមកការងារអភិវឌ្ឍ ខេត្តបានកំណត់នូវចក្ខុវិស័យក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ជាតំបន់ទេសចរណ៍ធម្មជាតិប្រកបដោយភាពប្រណិត ដោយមានឆ្នេរសមុទ្រ កោះ និងឧទ្យានជាតិ បរិស្ថានល្អ ធនធានធម្មជាតិស្រស់បំព្រង។លោកបានបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ក្នុងផែនការអភិវឌ្ឍន៍នេះ រដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍គតិយុតិ្ត និងបានរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំ ពិសេសការជំរុញឲ្យភ្នាក់ងារអនុវត្តពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ខ្លួន ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ជាមួយនេះ បើផ្អែកលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិសាស្ត្រខេត្តកែបពិតជាមានភាពល្អប្រសើរ និងលទ្ធផលការងារដែលសម្រេចបានលើគ្រប់វិស័យ ក្នុងនោះការងារអភិវឌ្ឍន៍ ខេត្តបានបានបន្តខិតខំកសាង ស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវអ៊ុតក្រាលកៅស៊ូ AC,DBST ផ្លូវប្របមាត់សមុទ្រការពង្រីកផ្លូវជាតិលេខ33A ផ្លូវលំដីស ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅមាត់ឆ្នេរលេងទឹក ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកក្រខ្វក់នៅឆ្នេរលេងទឹក និងនៅផ្សារក្តាម ព្រមជាមួយទីលានចាក់សំរាម(គម្រោងADB) ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលបំភ្លឺតាមដងផ្លូវជាតិលេខ33A ដឹកនាំបំផុសធ្វើអនាម័យ សម្អាតបរិស្ថាន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពសាធារណៈជាដើម។
ថ្លែងក្នុងឱកាសបិទសន្និបាត លោកទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន បានលើកឡើងដោយជំរុញដល់គណៈបញ្ជាការឯកភាពខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងសីុសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
ទម្ទឹមនឹងនេះ លោកបានស្នើដល់មហាជន ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវតែផ្តល់ព័ត៌មាននៅទីតាំងណាដែលមានបញ្ហា ដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងស្នើឲ្យមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចកុំប៉ះពាល់ ឬមានការពាក់ព័ន្ធនឹងបទល្មើសទាំងអស់នោះឲ្យសោះ៕
សេង ណារិទ្ធ









