ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយខុសច្បាប់ចំនួនជាង ៧០ តោន ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅទីលានដីតាមបណ្ដោយមហាវិថីតេជោ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការអង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជនជាតិអន្តរជាតិមួយចំនួនទៀត។
ក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង បានស្នើរសុំអោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្តអនុវត្តកិច្ចប្រតិបត្តិការអោយបានល្អ និងចាប់អោយបានមេក្លោងដែលប្រព្រឹត្តបទល្មើសក្នុងករណីប្រតិបត្តិការបង្ក្រាបបទល្មើសលើកក្រោយៗ ជាបន្តទៀត។ ហើយសម្ដេចក៏បានអំពាវនាវអោយ ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងឡាយ ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋគ្រប់រូប សហការជាមួយសមត្ថកិច្ច ចុះហត្ថលេខាទទួលខុសត្រូវលើផលិតផលដែលខ្លួននាំចូល និងចូលរួមសហការទប់ស្កាត់ បង្ក្រាប និងរាយការណ៍ជូនមន្ត្រីពាក់ព័ន្ធអំពីករណីផលិតផលក្លែងក្លាយផងដែរ។
ជាក់ស្ដែងថ្ងៃនេះ ផលិតផលក្លែងក្លាយខូចគុណភាពមួយចំនួនរួមមាន ៖ ថ្នាំពេទ្យក្លែងក្លាយចំនួន ១០៦មុខស្មើនឹង ៤០០ គីឡូក្រាម, ទឹកសុទ្ធម៉ាក Evian,Saint amand,Montcalm ចំនួន ៥,៥២០ កេសស្មើនឹង ៦២,៦៤០ គីឡូក្រាម និងផលិតផលជីកសិកម្មចំនួន ៧,៨៥០ គីឡូក្រាម សរុបទាំងអស់ចំនួនជាង ៧០ តោន ដែលគណៈកម្មាធិការ បានធ្វើប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ត្រូវបានតុលាការអនុញ្ញាត ឲ្យគណៈកម្មាធិការធ្វើការកម្ទេចចោលនៅពេលនេះ។
ពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយ-ខុសច្បាប់នាពេលកន្លងមក ក៏ដូចជាពេលនេះដែរ វាក៏ជាសារមួយរំលឹកទៅដល់ជនល្មើសទាំងឡាយដែលបាននឹងកំពុងផលិត ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខមាលភាព និងសុវត្ថិភាពសង្គមនៅតែបន្ត ដរាបនោះ គណៈកម្មាធិការ ក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោលដោយមិនមានការលើកលែង ឬក៏បន្ធូរបន្ថយជាដាច់ខាត។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមតួនាទី និងភារកិច្ចដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយតម្កល់ផលប្រយោជន៍ជាតិ សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំ។
ដើម្បីសម្រេចនូវវត្ថុបំណងនេះ គណៈកម្មាធិការសូមអំពាវនាវដល់សាធារណជន មេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផលក្លែងក្លាយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គមដោយទំនាក់ទំនង និងផ្ដល់ព័ត៌មានមកសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬតាមរយៈអ៊ីម៉ែល Info@ccc.gov.kh ឬបណ្ដាញសង្គម Facebook “គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ _counter counterfeit committee”៕
ដោយ ហុក វិបុល










