បាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៥កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានចាត់តាំងឯកឧត្តម ណុប.ដារ៉ា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ជាតំណាងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន.សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទាំងពីរមកប្រគល់ជូនមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យព២) ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
អំណោយដ៍ថ្លៃថ្លារបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានា ពេលនេះមានសម្ភារៈបរិក្ខាពេទ្យ ចំនួន០១ កុងធឺណ័រ (Container) ដែលមានតម្លៃស្មើប្រមាណជា ៤៤ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
វត្តមានក្នុងពិធីនេះមាន លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត សឿម សារិទ្ឋ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទទួលបន្ទុកការ ងារសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម អស់លោកឧត្តមសេនីយ៍ វរសេនីយ៍ តំណាងមេបញ្ជាការយោធភូមិភាគទី៥ និងមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យព២) បានទទួលនូវសម្ភារៈបរិក្ខាពេទ្យទាំងនេះ។
ថ្លែងនៅក្នុងពិធីប្រគល់ទទួលសម្ភារៈបរិក្ខាពេទ្យនាពេលនេះ ឯកឧត្តម ណុប.ដារ៉ា អគ្គលេ ខាធិការរងអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ជាតំណាងបានជម្រាបជូនថា ដោយមើលឃើញនូវការខ្វះខាតចំពោះតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សម្ភារៈបរិក្ខាក្នុងវិស័យសុខាភិបាលពិសេសក្នុងកិច្ចការសង្គ្រោះបឋមលើជនរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗទើបក្រុម ការ ងាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំដ៏ទៃទៀតបានស្វះស្វែងរក នូវសម្ភារៈបរក្ខាទាំងនេះមកផ្គត់ផ្គង់ជូនដល់អង្គ ភាព មន្ទីរពេទ្យយោធភូមិភាគទី៥ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ហើយកុងតឺន័រ(Container) លើកនេះមិនមែនជាលើកទី ០១នោះទេ ប៉ុន្តែជាលើកទី០៦ហើយ ដែលសប្បុរសជននៅសហរដ្ឋអាមេរិកបានចូល រួមផ្តល់ជូននាពេលកន្លងទៅ។
តំណាងមន្ទីរពេទ្យយោធភូមិភាគទី៥(ពេទ្យព២) និងតំណាងឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកវេជ្ជបណ្ឌិត ងួនសុភី និងលោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត សឿម សារិទ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ជូននូវសម្ភារៈបរិក្ខាពេទ្យទាំងនេះ តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ស សុខា និងថ្នាក់ដឹកនាំដ៏ទៃទៀត ជាមួយនេះក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្បុរសជនទាំងជនជាតិខ្មែរ និងជនជាតិបរទេសកំពុងរស់នៅសហរដ្ឋអាមេរិកដែលបានបរិច្ចាគនិងផ្តល់នូវសម្ភារៈបរិក្ខាពេទ្យទាំងនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើងបានប្រើប្រាស់៕








