ខេត្តព្រះសីហនុ÷អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអាងវារីវប្បកម្ម ចិញ្ចឹមបង្គារ ក្តាម នៅតំបន់ទំនាបក្បែរមាត់សមុទ្រនៃស្រុកព្រៃនប់់ របស់ក្រុមហ៊ុនហេងហេងអភិវឌ្ឍន៍ក្នុងឱកាសប្រមូលផលបង្គា ក្ដាមលើកទី១
ព្រឹកថ្ងៃទី៧ មីនា ២០១៩ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានទៅពិនិត្យទីតាំងវារីវប្បកម្ម(កន្លែងចិញ្ចឹមបង្គា ក្ដាម)របស់ក្រុមហ៊ុន ហេងហេង អភិវឌ្ឍន៍ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង និង ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន បានបង្ហាញជំហរគាំទ្រលើកទឹកចិត្ដ និងជំរុញចំពោះវិស័យឯកជន ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមបង្គារ ក្តាម តាមលក្ខណៈបច្ចេកទេសកសិកម្មទំនើបក្នុងមូលដ្ឋានខេត្តព្រះសីហនុ គ្រាដែលតម្រូវការម្ហូប អាហារ នៅខេត្តព្រះសីហនុ កំពុងមានការកើនឡើងស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
ទន្ទឹមនេះឯកឧត្តម យន្ត មីន បានផ្តល់អនុសាសន៍ដល់កសិករក្នុងស្រុក ពិសេសប្រជាជនដែលមានដីស្រែនៅតំបន់នេះគួរងាកមកចាប់អារម្មណ៍ពីការចិញ្ចឹមបង្គារ ក្តាម ឬមច្ឋាសមុទ្រតាមបច្ចេកទេសកសិកម្មនេះដើម្បីកែប្រែជីវភាពអោយកាន់តែប្រសើរ និងកាត់បន្ថយការចំណាកស្រុក។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បង្ហាញមោទនភាពបន្ទាប់ពីបានទាក់ទងក្រុមហ៊ុន ហេង ហេង មកចិញ្ចឹមបង្គា ក្ដាម ក្នុងតំបន់នេះ។
លោកបញ្ជាក់ថាទីនេះមានអំណោយផលសម្រាប់ការចិញ្ចឹមបង្គារ ក្ដាម(មច្ឆាសមុទ្រនានា)។ លោកចង់ឃើញកសិករដែលមានដីស្រែនៅតំបន់នេះគួរងារមកចិញ្ចឹមបង្គារ ក្តាម សមុទ្រវិញប្រសើរជាង ខណៈពេលដែលមានតម្រូវការទីផ្សារកើនឡើងខ្ពស់។
លោក ស៊ិន សត្ថា អ្នកគ្រប់គ្រប់ក្រុមហ៊ុន ហេង ហេង អភិវឌ្ឍន៍ បានអោយដឹងថា កន្លងមកបើទោះជាមានការខាតបង់ខ្លះក្តីតែក្រុមហ៊ុនរបស់លោកនៅតែមានជំហរច្បាស់លាស់នឹងខិតខំរិះរកគ្រប់មធ្យោបាយដើម្បីចិញ្ចឹមបង្គា ក្ដាមសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក សត្ថា បញ្ជាក់ថា ការប្រមូលផលលើកទីមួយនេះ ទទួលបានជាង ៤តោន បន្ទាប់ពីទំលាក់កូនបង្គាអស់ ៧លានកូន ៕
ដោយលោក រុន សារ៉េត







