(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត។ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង ស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកំពត។
ក្នុងឱកាសបើកសន្និបាតព្រឹកនេះ លោក ជាវ តាយ អភិបាលខេត្តកំពតបានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកតដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានបន្តដឹកនាំកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពមន្ត្រីរាជការឲ្យប្រកាន់ខ្ជាប់នូវឥរិយាបទទាំងបួន គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ព្រមទាំងពង្រឹងការយល់ដឹងអំពីគុណតម្លៃ និងគុណផល លុបបំបាត់ភាពអសកម្មតាមរយៈអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ព្រមទាំងជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការឲ្យមានភាពស្វាហាប់ និងមានទឹកចិត្តបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព និងតម្លាភាព។ ទន្ទឹមនេះ ក៏មានការគិតគូរអំពីផលប្រយោជន៍របស់មន្ត្រីរាជការប្រកបដោយសមធម៌ ដោយផ្អែកលើសកម្មភាពការងារ ជាពិសេស គឺការអនុវត្តស្របតាមនីតិវិធីនៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិនិងមុខតំណែង តួនាទីរបស់មន្ត្រីរាជការ ផ្តល់ការលើកទឹកចិត្ត តាមរយៈការជូនប័ណ្ណសរសើរ មេដាយ គ្រឿងឥស្សរិយយស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ព្រមទាំងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែបានទៀងទាត់។
លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលដែនដី លោកបានយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទទួលបានការជឿទុកចិត្ត និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលធ្វើឲ្យការអនុវត្តគោលនយោបាយនេះទទួលបានលទ្ធផលល្អ ទាំងការប្រជុំផ្សព្វផ្សាយ ការធ្វើវេទិកាសាធារណៈ និងចលនាប្រជាការពារ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានមានការថយចុះ សំដៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងធានាដល់ការអភិវឌ្ឍខេត្ត។
សូមជម្រាបថា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពតនេះ ក៏មានការប្រគល់រង្វាន់ដល់មន្ត្រីមូលដ្ឋានដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពមានស្នាដៃល្អ ក្រសួងមហាផ្ទៃបានផ្តល់ជូន រដ្ឋបាលឃុំ សង្កាត់នូវជ័យលាភីប្រភេទ១ ប្រភេទ២ និងប្រភេទ៣ ដោយក្នុងនោះក្រុងកំពតទទួលបានថវិកា ៣.០០០.០០០រៀល ស្រុកទឹកឈូទទួលបាន១៤.០៥០.០០០រៀល ស្រុកកំពង់ត្រាច ទទួលបាន១១.១៥០.០០០រៀល ស្រុកបន្ទាយមាស ទទួលបាន ១៥.០០០.០០០រៀល ស្រុកអង្គរជ័យ ទទួលបាន ១០.១០០.០០០រៀល ស្រុកដងទង់ ទទួលបាន ៨.៤០០.០០០រៀល ស្រុកឈូក ទទួលបាន ១៣.៧៥០.០០០រៀល និងស្រុកជុំគិរី ទទួលបាន ៧.០០០.០០០រៀល សរុប ៨២.៤៥០.០០០រៀល។
ដោយឡែក ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពត ក៏បានឧបត្ថម្ភដល់អ្នកចូលរួមមកពីបណ្តាក្រុង ស្រុកទាំង៨ ដែលមានចំនួន ៣៣៥នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀលផងដែរ៕
សេង ណារិទ្ធ








