បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ មានអាជីវករលក់ខោអាវកីឡា១នាក់ឈ្មោះ ប៊ុន ឆៃ បានទំនាញរឿងដ៏ហួសចិត្តមួយឲ្យអង្គភាពសារព័ត៌មានយើងដឹងថា លោកត្រូវបានគយចល័តជិតផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី សង្កាតនិមិត្ត ក្រុងប៉ោយប៉ែត គាបសង្កត់យកប្រាក់អស់១០០០០០០(មួយលានរៀល) តែគយដក១០០០០០(ដប់ម៉ឺនរៀល)ឲ្យមកវិញគេយកតែ៩០០០០០(កៅសិបម៉ឺនរៀល)ប៉ុណ្ណោះ ដោយគយម្នាក់នោះត្រូវបានគេដឹងថាមានឈ្មោះ សាំង ណន ដែលមានតួនាទីជាប្រធានគយចល័តក្នុងភូមិកូនដំរី។
លោក ប៊ុន ឆៃ បានបន្តថា បន្ទាប់ពីលោកបានបង់ប្រាក់រួចរាល់គឺខាងគយចល័តកូនដំរីមិនបានចេញវិក័យប័ត្តទទួល រឺបង់ប្រាក់អោយទៅគាត់នោះទេ ដោយគ្រាន់តែអោយបងប្រុសរបស់គាត់ដែលរួមដំណើរជាមួយគ្នាមានឈ្មោះ យោ លីដា ផ្តិតមេដៃទទួលស្គាល់លើ(កំណត់ហេតុឃាត់ និងថែរក្សាទំនិញជាបណ្តោះអាសន្ន) តែប៉ុណ្ណោះ ដោយមិនមានការបញ្ជាក់ចំនួនប្រាក់ដែលបានផាក៩០០០០០(កៅសិបម៉ឺនរៀល)ក្នុងកំណត់ហេតុនោះទេ។
អាជីវករខាងលើបន្តថា ដំបូងឡើយកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោកហើយនិងបងប្រុសបានបើករថយន្ត១គ្រឿងម៉ាកហ៊ីយ៉ុដាយ(HyundaiSrarex)ស្លាកលេខ:បន្ទាយមានជ័យ 2A-6641ដឹកខោអាវប្រភេទឈុតកីឡា បន្តិចបន្តូចចេញពីក្រុងប៉ោយប៉ែតដើម្បីយកទៅលក់រាយតាមបណ្តាភូមិ ស្រុក ខេត្តនានា បន្ទាប់ពីបានទៅទិញឈុតកីឡាបោះដុំពីហាង(អ៊ាង-ដាណែត បោះដុំនិងរាយ)ស្ថិតនៅមុខវត្តម៉ុងចិន ក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨) តែពេលជិះទៅដល់ចំនុចមុខផ្សារកណ្តាល ក្នុងប៉ោយប៉ែតស្រាប់តែបានជួបគយចល័តដែលជាកូនចៅរបស់លោក សាំង ណន បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយកាក់ឡានឲ្យឈប់ដោយសួរថា ឡានដឹកអី ?ពេលនោះគាត់ប្រាប់ថា ដឹកខោអាវកីឡា បន្ទាប់ពីមន្ត្រីគយដឹងថាដឹកខោអាវកីឡាស្រាប់តែបាននាំគ្នាយករថយន្តរបស់គាត់ទៅស្នាក់ការគយចល័តជិតផ្លូវ៥០ក្នុងភូមិកូនដំរី ដើម្បីជួបជាមួយលោក សាំង ណន។
ប្រភពខាងលើបន្តថា ក្រោយពីបានជួបជាមួយមេគយចល័តរួច មេគយរូបនោះបានតម្រូវឲ្យបង់ប្រាក់១០០០០០០(១លានរៀល)តែមិនដឹងថាការផាកនេះគឺផាកទៅអ្វីនោះទេ ព្រោះគយមិនបានចេញវិក័យប័ត្តបង់រឺទទួលប្រាក់អោយនោះទេ ទោះបីជាជនរងគ្រោះខាងលើបានប្រាប់ថា ខ្លួនបានទិញខោអាវឈុតកីឡាទាំងនោះពីហាង អ៊ាង-ដាណែត ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែតហើយម្ចាស់ហាងមួយនេះបានអះអាងថា ទំនិញទាំងនោះគឺបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវអស់ហើយ។
ជាចុងក្រោយជនរងគ្រោះខាងលើបាន រៀបរាប់ទាំងអួលដើមករថា លោកពិតជាមិនពេញទៅលើទង្វើរបស់គយចល័តកូនដំរីនោះទេ ដែលនាំគ្នាគាបធ្វើស៊ីគាត់ដែលគាត់មិនបានខុសអ្វី ហើយគាត់ក៏មិនស្តាយលុយរឺក៏ចង់បានលុយដែលគយគាបស៊ីមកវិញនោះដែរ តែបើផាកពិន័យដើម្បីប្រមូលលុយចូលរដ្ឋ ហេតុអ្វីមិនចេញវិក័យប័ត្រអោយ ហើយលុយ៩០០០០០(កៅសិបម៉ឺនរៀលនោះយកទៅណា? គាត់បន្តថា ខាងគយបានតម្រូវអោយចូលបង់ប្រាក់១២០០០០(ដប់ពីរម៉ឺនរៀលក្នុងការដឹក១ជើង ហើយបើមិនចូលបង់ទេនិងត្រូវចាប់រថយន្តទៀតជាមិនខាន។
ប្រភពមួយដាច់ដោយឡែកបានបង្ហើបអោយដឹងថា សព្វថ្ងៃនេះចំពោះរថយន្តក្រុង ដែលបានដឹកទំនិញផ្សេងៗឆ្លងកាត់ស្នាក់ការណ៍គយចល័ត ត្រូវចូលទៅបង់ប្រាក់អោយលោក សាំង ណង ១៥(ដប់ប្រាំម៉ឺនរៀល)ទៅ២០ម៉ឺនរៀល ចំនែកឯរថយន្តប្រភេទខ្នាតយក្សដែលតកន្ទុយដែលដឹកទំនិញចេញពីច្រកទ្វាអន្តរជាតិប៉ោយប៉ែតក៏ចូលទៅបង់ប្រាក់ដូចគ្នាប៉ុន្តែបង់ប្រាក់ច្រើនជាងនេះទៀត ។
សកម្មភាពទាំងនេះបានធ្វើអោយមហាជនជាច្រើនឆ្ងល់ថា រាល់ទំនិញទាំងអស់ដែលដឹកចេញពីច្រកទ្វាអន្តរជាតិប៉ោយប៉ែតគឺសុទ្ធតែចូលទៅត្រួតពិនិត្យនិងបង់ប្រាក់នៅការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតរួចរាល់ហើយ តើហេតុអ្វីបានជាត្រូវចូលទៅបង់ប្រាក់អោយគយចល័តកូនដំរី និងគយចល័តសាលាក្រហម ព្រមទាំងគយចល័តនៅខាងលិចស្ពានទឹកថ្លា ទៀតយ៉ាងដូច្នេះ រឺមួយរថយន្តទាំងនេះបានលួចបង្កប់ទំនិញគេចពន្ធ។
ពាក់ព័ន្ធនិងបញ្ហាដូចខាងលើសារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីលោក សាំង ណន ប្រធានគយចល័តកូនដំរីបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ អង្គភាពសាព័ត៌មានយើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕







