(កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទ សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខដោយផ្ទាល់ និងប្រោសប្រទាននូវព្រះរាជអំណោយ ដល់ប្រជារាស្ត្រជាកសិករចំនួន៤៦០គ្រួសារ លោកគ្រូ អ្នកគ្រូ ចំនួន១៦នាក់ និងកុមារចំនួន៥៥០នាក់ ស្ថិតនៅភូមិជ្រៃកោងលិច និងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិកម្ពុជា (AKP)។
ដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាឱកាសនោះ មានវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
ក្នុងឱកាសស្តេចយាងដល់ឃុំខ្នារឆ្មារ ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះ សំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៥គ្រួសារ ដល់ក្នុងលំនៅឋាន។
ព្រះអង្គបានប្រោសប្រទាន នូវព្រះរាជអំណោយដល់គ្រួសារទាំង៥ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់, (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់ខៀវ១ផ្ទាំង, មី១កេស, ត្រីខ១០កំប៉ុង, ស្បែកជើងផ្ទាត់១គូរ, អាហារសម្រន់១កញ្ចប់, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល។
ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន១៦នាក់ ក៏ទទួលបានព្រះរាជអំណោយ ដោយក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា៥ម៉ឺនរៀល។ ចំណែកកុមារចំនួន៥៥០នាក់ ទទួលបានអាហារសម្រន់មួយពេល សម្លៀកបំពាក់សិស្សមួយកំប្លេរ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១, សៀវភៅសរសេរ២ក្បាល, ប៊ិច១ដើម និងថវិកា៥ពាន់រៀល។
បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យ បន្តយាងជួបសំណេះសំណាល និងប្រោសប្រទាននូវព្រះរាជអំណោយដោយផ្ទាល់ ដល់ប្រជារាស្ត្រជាកសិករ ចំនួន៤៦០គ្រួសារ បន្ថែមទៀត។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹក និងគោរពស្រឡាញ់ជាទីបំផុត។
មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្ត្រជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្ត្រជាកសិករ ព្រមទាំងមានព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ ព្រះករុណាបានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទទួលបានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែមានវិធានការបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលបានធ្វើឱ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យ របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។
ទន្ទឹមគ្នានេះដែរ ព្រះអង្គក៏បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ចំពោះសមិទ្ធផលការងារជាច្រើន ដែលសម្រេចបានកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមកព្រះមហាក្សត្រ ស្តេចយាងប្រោសប្រទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្ត្រទាំង៤៦០គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។
ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៤៦០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), តង់ខៀវ១ផ្ទាំង, មី១កេស, ត្រីខ១០កំប៉ុង, ស្បែកជើងផ្ទាត់១គូ, អាហារសម្រន់១កញ្ចប់, អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល៕
———-
ពិធីបិទសន្និបាតបូកសរុបការងាររបស់ខ្លួនឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ក្រោមអធិបតិភាពឯកឧត្តមវេង សាខុន
នាព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានរៀបចំពិធីបិទសន្និបាតបូកសរុបការងាររបស់ខ្លួនឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតិភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមពិន ប្រាកដ អភិបាលរងនៃគណអភិបាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្យាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត មន្ត្រីរាជការប្រមាណជាង ៤៥០នាក់។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើសេចក្តីរាយការណ៍បូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពការងារទៅតាមអនុវិស័យនីមួយៗដូចជាការងារបង្កបង្កើនផលស្រូវ ដំណាំ (បន្ថែ ឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្ម) ផលិតកម្មសត្វ និងសុខភាពសត្វ ព្រៃឈើ ជលផល សហគមន៍ កៅស៊ូ និងស្ថានភាពទូទៅរបស់មន្ត្រីរាជការ។ ខ្លឹមសារជាគោលគឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីស្ថានភាពជាក់ស្តែងលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តផែនការ និងគោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់អាជ្ញាធរដែនដីទាំងការងារសង្គម ច្បាប់ និងបច្ចេកទេស។
ក្រៅពីនេះ លោកប្រធានមន្ទីរក៏បានរាយការណ៍ពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តការងារកន្លងមក ហើយភ្ជាប់ទៅនឹងបញ្ហានេះ លោកបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដីមេត្តាជួយណែនាំ ចង្អុលបង្ហាញ និងតម្រង់ទិសកែលម្អ ដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគ ជ័យដូចដែលបានគ្រោងទុក ឆ្លើយតបតម្រូវការស្បៀងដែលធានាបានបរិមាណផ្គត់ផ្គង់ក្នុងខេត្ត ធានាគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ដែលមានកំណើនជាលំដាប់ និងឈានទៅធ្វើការកាត់បន្ថយការនាំចូល។
បន្ទាប់ពីឯកឧត្តមអភិបាលរងនៃគណអភិបាលខេត្តធ្វើបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកាដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។ពិតណាស់សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងពិសេសការរួមផលិស្បៀងបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តទឹកដីអង្គរដ៏បវររុងរឿង និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។
ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក នៅមានភាពខ្វះខាត ឆកល្វែង និងយឺតយ៉ាវលើការងារមួយចំនួន ដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយឱបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយចាំបាច់ត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ទាំងអាក្រក់ និងល្អពីអតីតកាល រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្ត និងទទួលបានផលវិជ្ជមានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញនូវចំណុចគន្លឹះមួយចំនួនជាមូលដ្ឋានសម្រាប់មន្ទីរយកទៅអនុវត្តបន្តដូចតទៅ៖
ទី១. ត្រូវបន្តលើកម្ពស់ការងារបង្កើនផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យ កសិកម្ម តាមរយៈការបង្វែរទិសដៅ ពីការអភិវឌ្ឍន៍តាមបែប “វិបុលវប្បកម្ម” ទៅកាន់ការអភិវឌ្ឍន៍តាមបែប “ប្រពលវប្បកម្ម” ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល ឆ្លើយតបទៅនឹងតម្រូវការ។
ទី២. បន្តជំរុញការងារផ្ទេរបច្ចេកទេសទំនើបសមស្របទៅតាមកំណើនសេដ្ឋកិច្ច ប្រជាជន និងការវិវឌ្ឍន៍របស់ប្រទេសលើគ្រប់មុខជំនាញពាក់ព័ន្ធនឹងផលិតកម្មដំណាំ ពិសេសដំណាំស្រូវ បន្លែ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការប្រើពូជ ជី ថ្នាំ និងលើកកម្ពស់គុណភាពដីសមស្របតាមប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។ ពិនិត្យលើសកម្មភាពការងារអភិវឌ្ឍកសិដ្ឋាន ស្ថានីយពិសោធន៍កសិកម្ម និងមជ្ឈមណ្ឌលពិសោធន៍កសិកម្មដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបណ្តុះ បណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរបច្ចេកទេសទំនើបទាន់សម័យឱ្យដល់ដៃអ្នកផលិត។
ទី៣. ត្រូវជំរុញ និងលើកទឹកចិត្តឱ្យអនុវត្តប្រព័ន្ធ “ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដើម្បីលើកកម្ពស់គុណភាពកសិផលប្រកបដោយភាពប្រកួតប្រជែង ធានាសុខុមាលភាពសាធារណៈ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត និងបង្កើនការផ្តល់សេវាពត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ និងទាន់ពេលវេលា។
ទី៤. ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលានូវការនាំចូលសត្វ និងសាច់សត្វ ខូចគុណភាព បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ផងដែរ។
ទី៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ដូចមានចែងក្នុងជំពូកទី៥ ពីមាត្រាទី ៣៣-៣៨ ក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្សល្អ។
ទី៦.តាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីសង្គមស៊ីវិល ឬចេញពីផ្ទៃប្រភពផ្សេងៗ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីតាមដានស្ថានការណ៍ ឬសភាពការណ៍ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយគួរមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពរ របស់សហគមន៍ សង្គមស៊ីវិលនិងដៃគូ ទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
នាឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្ត្រីរាជការ និងផ្តល់វត្ថុអនុស្សាវរីយជូនដល់និវត្តន៍ជនចំនួន ១២៣នាក់ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរពស្រលាញ់និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្ត្រីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិនិងប្រជាជន៕













