(ខេត្តកែប)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបើកកិច្ខប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយអស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត អភិបាលក្រុង អាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ។
លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថាក្រុមការងារអនុវត្តកំណត់តំបន់វិនិច្ឆ័យចុះបញ្ជឺដីធ្លីនៅខេត្តកែប បាននិងកំពុងខិតខំជំរុញការវាស់វែងដីធ្លីដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូននៅតំបន់នេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន៥ដំណាក់កាល៖
១-ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី)រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ។
៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ ជូនម្ចាស់ដី។
ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពិតជាមានភាពងាយស្រួលក្នុងការផ្តល់សិទ្ធិកាន់កាប់ទ្រព្យសម្បតិ្តជូនប្រជាពលរដ្ឋ ព្រោះថាការកំណត់តំបន់វិនិច្ឆ័យនេះ ផ្នែកជំនាញនឹងផ្តល់ជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។លោកបានបញ្ជាក់ទៀតថា ការធ្វើប័ណ្ណកម្មសិទ្ធិគឺជារឿងមួយយ៉ាងសំខាន់សម្រាប់ការកំណត់ព្រំប្រទល់ដីធ្លីរបស់យើងយ៉ាងស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិពិតជាមានសារៈសំខាន់សម្រាប់ការកំណត់ដីធ្លី ចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗប្រើប្រាស់តាមតម្រូវការ ចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ។លោកអភិបាលខេត្តបានបន្ថែមទៀតថា ពិតណាស់បើតំបន់ណាមួយបានកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លីរួចហើយនោះ គឺភូមិសាស្ត្រខាងលើ ដីពិតជាមានហាងឆេងខ្ពស់កប់ពពកមិនខានឡើយ៕
សេង ណារិទ្ធ








