ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប មានពិធីរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ពៅ សារ៉ាវុធ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ អោយ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានអស់លោក លោកស្រីជាស្នងការរង លោកនាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុងស្រុកទាំង១២ លោកមេបញ្ជាការតំបន់ប្រត្តិបត្ត័ការសឹករងក្រុងសៀមរាប អញ្ជើញចូលរួមផងដែរ ។
ក្នុងឪកាសអញ្ជើញ ចូលរួមជាគណៈអធិបតី លោកអភិបាលរងក្រុងសៀមរាប បានធ្វើការកោតសរសើរចំពោះ ការប្រឹងប្រែងបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខជូនប្រតិភូជាតិនិងអន្តរជាតិ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាបនាពេលកន្លងមក និងបានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ ថែរក្សាសណ្តាប់ធ្នាប់សាធារណះ សន្តិសុខសង្គម ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញចូលមកលេងកំសាន្តក្នុងក្រុងសៀមរាបយើង អោយបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់បន្ថែមទៀត ព្រោះសៀមរាប ជាបេះដូងនៃវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាយើង។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ក៏បានធ្វើការណែនាំ ដល់ អធិការដ្ឋាននគរបាលក្រុងស្រុកទាំង១២ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបង្កើនសកម្មភាព ក្តាប់សភាពការណ៍ សន្តិសុខ និង ត្រៀមចាត់វិធានការ បង្ការទប់ស្កាត់រាល់បទល្មើសទាំងអស់ ដែលកើតមាននៅតាមមូលដ្ឋាន អោយបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមផែនការការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់បងប្អូនជនជាតិចិន វៀតណាម កូរ៉េ ដែលខិតជិត មកដល់នាពេលខាងមុខនេះ ដើម្បីធានាអោយបាន នូវសន្តិសុខ សុវត្ថិភាពល្អ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះលោកស្នងការក៏បាន ធ្វើការហាមដាច់ខាត មិនអនុញាតអោយមានការ អុជ រំសេវផាវ និងគ្រឿងផ្ទុះផ្សេងៗ ដែលបង្ករអោយមានភាពភ្ញាក់ផ្អើលដល់ បងប្អុនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំឲ្យ មន្ត្រីនគរបាលផែនបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំបងប្អូនប្រជាពលរដ្ឋ ស្ដីពី វិធានការ បង្ការទប់ស្កាត់ កុំអោយរងគ្រោះដោយគ្រោះអគ្គិភ័យ និងត្រៀម រថយន្តដើម្បីដឹកទឹក ចែកជូនបងប្អូនប្រជាពលរដ្ឋ បើសិនជារដូវប្រាំង ខាងមុខនេះខេត្តសៀមរាប យើងជួបគ្រោះរាំងស្ងួត ពិតមែននោះ ផងដែរ។












