ខេត្តរតនគិរី ៖ សហគមន៍ជនជាតិដើមព្រៅមានការខកចិត្តយ៉ាងខ្លាំង ខណៈលោកប្រធានមន្ទីររ៉ែ និងថាមពលដឹកនាំកម្លាំងសមត្ថកិច្ចមួយក្រុមទៅបង្ក្រាបទីតាំងកែច្នៃរ៉ែមាសអនាធិបតេយ្យរបស់ជនជាតិវៀតណាមរត់ចោលវត្ថុតាង បែរជាប្រធានមន្ទីរដុកកំទិចកំទីក្រដាសក្រណាត់ចោលរួចបើករថយន្តទទេចំនួន៣គ្េរឿងត្រឡប់មកវិញហាក់ដូចទៅដើរលេង។ ព្រឹត្តិការនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភ្នំអូរកាឡា ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។
ប្រភពពត៌មានពីជនជាតិដើមភាគតិចព្រៅនៅភូមិកាទៀងបានឲ្យដឹងថា ហេតុការណ៍និងហួសចិត្តនឹកស្មានមិនដល់នោះត្រង់លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែនិងថាមពលដឹកនាំកម្លាំងប្រដាប់អាវុធស្រុកលំផាត់ទៅបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់របស់ជនជាតិវៀតណាមនៅទីតាំងខាងលើ ពេលកម្លាំងចម្រុះដល់ជនសង្ស័យក៏រត់គេចខ្លួនអស់នៅសល់តែវត្ថុតាងបទល្មើស។ ពេលនោះ បែរជាលោកប្រធានមន្ទីរបញ្ជាអោយកម្លាំងប្រមូលកំទិចកំទីក្រណាត់ចោលរួចបន្លត់ភ្លើងទៅវិញ រួចថតទុកជានិមិត្តរូបបង្អួតថ្នាក់លើក៏បើកឡានត្រឡប់មកវិញហាក់ដូចជាបបួលគ្នាដើរលេង។
ប្រភពដដែលបន្តទៀតថា វត្ថុតាំងសម្រាប់ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ដែលមិនបានបំផ្លាញនោះដូចជាគ្រឿងសំរាប់បរិភោគ តង់សំរាប់ប្រករោង ម៉ាស៊ីនសំរាប់វាយបំបែកថ្មយករ៉ែមាស ឌីណាម៉ូស្មៅសុបនិមិ្មតសំរាប់ចាប់សំរាប់ចាប់យកមាស កញ្ច្រែងរ៉ែងមាស ខ្សែភ្លើង ទុយោសំរាប់បូមទឹកដាក់កញ្ច្រែងរ៉ែងមាស នៅសល់រាប់រយម៉ែត្រ នៅក្បែរៗកន្លែងដែលក្រុមលោកប្រធានដុតកំទេចចោលនោះ ហើយលោកមិនបានប្រមូលវត្ថុតាងអស់ទាំងនោះក៏សាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់នោះទេ បែរជាលោកទុកសម្ភារៈទាំងនោះអោយជនសង្ស័យធ្វើអាជីវកម្មបន្តទៀត។ រណ្តៅនីមួយមានជម្រៅ២ទៅ៧ម៉ែត្រ ប្រវែងពី៥០ម៉ែត្រទៅ៧០ម៉ែត្រកំពុងតែធ្វើចំខ្សែរ៉ែមាសយ៉ាងខ្លាំង។ ជុំវិញការមិនបង្ក្រាបទីតាំងធ្វើអាជីកម្មរ៉ែមាសខុសច្បាប់ ឫអនាធិបតេយ្យរបស់ជនជាតិវៀតណាមនេះដែរ លោកហ៊ុន ប៊ុនថាន ប្រធានរ៉ែនិងថាមពលមានប្រសាសន៍ថាអ្នកសារពត៌មានចង់ចេញផ្សាយយ៉ាងមិចក៏ផ្សាយចុះព្រោះជនសង្ស័យរត់គេចខ្លួនបាត់អស់ទៅហើយ។
គួរបញ្ជាក់ថា នៅពីក្រោយខ្នងការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់របស់ជនជាតិវៀតណាមនេះគឺមន្ត្រីរដ្ឋបាលសាលាខេត្ត និងថ្នាក់ខ្ពស់របស់ក្រុមប្រឹក្សាខេត្ត ហើយឈ្មោះអ្នកទាំង២នោះគឺលោកហ៊ុន ប៊ុនថានឹងស្គាល់ច្បាស់ជាមិនខាន។
គួររំលឹករយៈការកន្លងមកលោកប្រធានមន្ទីររ៉ែនិងថាមពលនៅពេលដែលចុះបង្ក្រាបអាជីវកម្មរ៉ែខុសច្បាប់នេះលោកនឹងសហការជាមួយអ្នកសារពត៌មានបែរជាលោកធ្វើរបៀបលួចលាក់នឹងស្ងាត់ៗ ហើយការធ្វើជីវកម្មរ៉ែខុសច្បាប់នេះ ធ្វើឡើងនៅក្នុងដីរបស់ក្រុមរុករករ៉ែ អង្គហ្គោលដែលមានអាជ្ញាប័ណ្ណនិងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។ ហើយដំណាងក្រុមហ៊ុន អង្គហ្គោលបានត្អូញត្អែរថា កម្លាំងរបស់លោកតិចនៅពេលដែលជួបប្រទះជនសង្ស័យដែលធ្វើសកម្មភាពជីករ៉ែមាសខុសច្បាប់នេះលោកតែងតែការគំរាមកំហែងពីអ្នកមានអំណាចនៅក្នុងខេត្ត ដោយកម្លាំងរបស់លោក តិច ផង និងលោកតែងតែរាយការណ៍ជួនទៅអាជ្ញាធរប៉ុន្តែមិនបានការឆ្លើយតបភ្លាមៗនោះទេ៕
តាជួង




