ខេត្តសៀមរាប ៖ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញបទបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អនុវត្តវិធានការឱ្យខ្លាំងក្លាចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់រាល់បទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់គ្រប់ប្រភេទនារដូវត្រីពងកូននេះ ។ តែផ្ទុយទៅវិញ គេសង្កេតឃើញមានសកម្មភាពប្រើឧបករណ៍នេសាទ ខុសច្បាប់មានសន្ទុះកើនឡើង គួរឱ្យព្រួយបារម្ភ ។
ជាក់ស្តែងទិដ្ឋភាពការដាក់លប ណរ៉ាវ ដែលមានប្រវែងពី ៣០០ម៉ែត ទៅ ៤០០ម៉ែត្រ ជួនកាលរហូតដល់ ១០០០ម៉ែត្រ ក៏មានដែរ នៅចំណុចកោះភេ សង្កាត់ចុងឃ្នៀស ដែលមានម្ចាស់ឈ្មោះ ជួន ទ្រី ជាជនជាតិវៀតណាម ដែលគេស្គាល់ថា ជាមេឈ្មួញម្នាក់ដ៏ធំនៅចំណុចទីតាំងខាងលើផងដែរ ។ បានដាក់លបណរ៉ាវតាមព្រៃលិចទឹកនៃផ្ទៃ បឹងទន្លេសាបអស់រយៈពេលជាយូរមកហើយដោយរលូន ។
ប្រភពពីមេឈ្មួញលោក ជួន ទ្រី បានបង្ហើបប្រាប់អ្នកសារព័ត៌មានក្នងស្រុកថា ខាងមន្ត្រីជំនាញធ្លាប់បានចុះ មកហាមឃាត់ និងព្រមទាំងបានបំផ្លាញឧបករណ៍នេសាទរបស់លោកចោលផងដែរ តែមួយរយៈក្រោយមកលោក ជួន ទ្រី ក៏នៅតែដាក់លបណរ៉ាវ តាមព្រៃលិចទឹកនៅឯបឹងទន្លេសាបជាថ្មីឡើងវិញ ដោយពុំឃើញមានសមត្ថកិច្ច ដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធចុះមកហាមឃាត់នោះទេ ។
ប្រភពដដែលបន្តប្រាប់ថា បើមិនឱ្យគាត់រករបបនេសាទទាំងនេះ តើគាត់បានលុយកាកឯណា ចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់លុយកាក់ឱ្យកូនទៅរៀនសូត្របាននោះ ។
មជ្ឈដ្ឋាននានាក៏រិះគន់ទៅលើអាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ថា ទំនងជាត្រូវដងត្រូវផ្លែជាមួយ ក្រុមឈ្មួញទាំងនេះ ហើយមើលទៅបានជាដើកដៃ ឱ្យមានបទល្មើសនេសាទទាំងនេះ កើតមានពាសពេញទៅតាមអូរ ព្រែក ព្រៃលិចទឹក និងនៅតាមផ្ទៃបឹងទន្លេសាបយ៉ាងដូច្នោះក្រុមឈ្មួញទាំងនេះមិនកោតខ្លាច ញញើតនឹងច្បាប់ឡើយ ។ ជាពិសេសហ៊ានផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទើបបទល្មើសនេសាទទាំងនោះមាការកើនឡើង ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិនាពេលអនាគត ។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយអន្តរាគមន៍ និងជួយមានវិធានការឱ្យបានម៉ឺងម៉ាត់ ដល់មន្ត្រី ក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ក្នុងការចុះបង្ក្រាប និងទប់ស្កាត់ឱ្យមានតម្លាភាព យុត្តិធម៌ កុំបង្ក្រាបតែប្រជានេសាទ តូចតាចជាលក្ខណៈគ្រួសារ ជាប្រជានេសាទក្រីក្រ តែចំណែកឈ្មួញធំៗអ្នកមានលុយ យកខ្នងមន្ត្រីរាជការ ឬអ្នកមានអំណាចធ្វើជាខ្នងបង្អែកធ្វើសកម្មភាពនេសាទខុសច្បាប់បានយ៉ាងដូច្នេះ ។ បើបង្ក្រាប គឺបង្ក្រាបឱ្យស្មើភាព មិនថា ជនជាតិខ្មែរ-វៀតណាម ឬចាមនោះទេ ក្នុងគោលបំណងដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សនូវធនធាន មច្ឆជាតិយើងឱ្យនៅស្ថិតស្ថេរជានិច្ច ។
ជុំវិញបញ្ហានេះ អ្នកសារព័ត៌មានក្នុងស្រុកបានទូរស័ព្ទទៅលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន សុវិន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ទាំងនេះ តែទូរស័ព្ទដៃរបស់លោកមិនអាចទាក់ទងបានទេ ។/



