(ខេត្តកំពត)៖ នៅថ្ងៃអង្គារ៍ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំងពីរដែលមានព្រំដែនជាប់គ្នាឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០១៩ នេះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានប្រសិទ្ធិពរ បវរមហាប្រសើរជូន លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង លោក លោកស្រី កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនខេត្តគៀនយ៉ាងទាំងអស់ សូមទទួលបានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន និងសូមឲ្យចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន ស្ថិតស្ថេរជាអមតៈ។
សូមជម្រាបថា អំឡុងពេលមានពិធីបុណ្យជាតិម្តងៗ អាជ្ញាធរនៃខេត្តជាប់ព្រំប្រទល់រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)តែងតែមានប្រពៃណីយ៉ាងផូរផង់ គឺការអបអរសាទរ សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក។នេះជាប្រពៃណីទណនៀមទម្លាប់ដ៏យូរលង់ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែស្អិតល្មួតថែមទៀត៕
សេង ណារិទ្ធ






