ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងលោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាប ស្រះចិញ្ចឹមត្រីឆ្តោរចំនួន៧កន្លែង និងកូនត្រីឆ្តោរ២ម៉ឺន៥ពាន់កូនត្រូវបានសម្លាប់ ហើយចុះអនុវត្តន៍នូវវិធានការណ៍ការពារធនធានជលផលជាតិ និងដើម្បី ឆ្លើយតបទៅនឹងលិខិតជូនដំណឹងលេខ៥៩៦៧ កសក របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្តីពីការរំលឹកការបឈ្ឈប់សកម្មភាពការចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ កិច្ចប្រតិបត្តការណ៍នេះបានធ្វើឡើងនៅក្នុងភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីលោក សំ សត្យា អនុប្រធាននាយកដ្ឋាននីតិកម្ម និងវិវាទជាតំណាងរដ្ឋបាលជលផល និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
នៅថ្ងៃដដែលនោះ លោកអភិបាលរង ខេត្តបានអោយកម្លាំងសមត្ថកិច្ចចំរុះរួមមាន ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, កម្លាំង នគរបាលខេត្ត,កម្លាំងកងរាជអាវុធហត្ថខេត្ត,និងអាជ្ញាធរឃុំស្រុក សរុបចំនួន៣២នាក់ ចុះគៀរយកកូនត្រីឆ្តោពីក្នុងស្រះទាំង៧កន្លែង ដោយប្រមូលបានកូនត្រីឆ្តោរប្រមាណជាង២ម៉ឺនក្បាល យកមកសម្លាប់និងប្រគល់ ត្រីងាប់ទាំងនោះអោយម្ចាស់ដើមវិញ។
លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សោម ភិរុណ បានអោយដឹងថា ៖ ថ្ងៃនេះអាជ្ញាធរខេត្តស្រុកឃុំ រួមនឹងសមត្ថកិច្ចចំរុះ បានបង្ក្រាបទីតាំងចិញ្ចឹមត្រីឆ្តោរ៧កន្លែងដោយឡែកស្រះដទៃទៀតដែលនៅ សេសសល់ សមត្ថកិច្ចចំរុះនឹងបន្តចុះបង្ក្រាបជាបន្តបន្ទាប់ទៀត ដើម្បីលុបបំបាត់អោយអស់នូវសកម្មភាពចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ ព្រោះត្រីទាំង២ប្រភេទនេះ ដែលជាត្រីស៊ីសាច់ត្រីជាអាហារ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ដល់ធនធាន ជលផលធម្មជាតិរបស់យើង នៅពេលម្ចាស់ស្រះត្រីទាំងនោះស្វែងរកចំណីផ្តល់អោយវា។
លោក និយាយបន្ថែមទៀតថា ៖ ប្រជាពលរដ្ឋគួរតែបង្វែការចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ មកចិញ្ចឹមប្រភេទត្រីណាដែលមិនមានផលប៉ះពាល់ដល់ធនធានជលផលជាតិរបស់ យើង ព្រោះការចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ គឺមានការចំណាយទុនធំ ហើយមិនមានផលចំណេញនោះទេ ។ នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញរដ្ឋបាលជលផល តែប្រជាពលរដ្ឋមួយចំនួនតូចតែងតែជឿតាមឃោសនារបស់ឈ្មួញជាអ្នកលក់ កូនត្រីឆ្តោរ។
ក្នុងឱកាសនោះ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានធ្វើការពន្យល់ណែនាំ ប្រជាពលរដ្ឋថាៈការចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់នេះមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ធនធានជលផលជាតិទើប ច្បាប់មិនអោយចិញ្ចឹម និងមួយថ្នែកទៀតប៉ះពាល់ដល់ជីវភាពបងប្អូនប្រជានេសាទជាលក្ខណៈ គ្រួសារ ព្រោះថាអ្នកចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ត្រូវការចំណីដែលជាកូនត្រីគ្រប់ប្រភេទពីជនខិលខូច មួយចំនួនដែលដាក់បទល្មើសតាមបឹងទន្លេយកមកលក់។នៅពេលអស់កូនត្រី គ្រប់ប្រភេទ ថាតើប្រជានេសាទរាប់ពាន់គ្រួសារ គាត់មានអ្វីចិញ្ចឹមជីវិត ។
លោកអភិបាលរងខេត្ត បានដាក់គោលការណ៍អោយគណៈបញ្ជាការឯកភាពស្រុក ចុះផ្សព្វផ្សាយ អោយអ្នកចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ដែលនៅសេសសល់ទាំងអស់ អោយស្ម័គ្រចិត្តបញ្ឈប់ការចិញ្ចឹម ត្រីឆ្តោរ និងត្រីរ៉ស់ជាបន្ទាន់ ដើម្បីកុំអោយខាតបង់លុយកាក់របស់គាត់បន្តទៀត។
ដោយឡែក លោកអភិបាលរងខេត្តបានណែនាំរួចមក ប្រជាពលរដ្ឋជាម្ចាស់ស្រះទាំង៧កន្លែង ដែលសមត្ថកិច្ចចំរុះបានបង្ក្រាប បានសំណូមពរដល់លោកអភិបាលរងខេត្ត និងសមត្ថកិច្ចចំរុះទាំងអស់ ជួយធ្វើការបង្ក្រាបអ្នកចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ទាំងអស់អោយបានគ្រប់គ្នា កុំអោយ បង្ក្រាបមួយទុកមួយ នោះគឺមិនយុត្តិធម៌ឡើយ។ អ្នកចិញ្ចឹមត្រីខុសច្បាប់ទាំង៧កន្លែង ត្រូវបានសមត្ថកិច្ចជំនាញ ហៅអោយធ្វើកិច្ចសន្យា បញ្ឈប់ការចិញ្ចឹត្រីប្រភេទនេះជាបន្តទៀត តែបើថ្ងៃក្រោយនៅតែចិញ្ចឹម ខ័ណ្ឌរដ្ឋបាលជលផលនឹងអនុវត្តទៅតាមច្បាប់ស្តីពីជលផលមិនលើកលែងឡើយ ៕




