(ខេត្តកែប)៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានសម្រុកមកលម្ហែ កម្សាន្ត នៅក្នុងរមណីយដ្ឋានឆ្នេរកែបយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រៅពីនោះតំបន់ទេសចរណ៍ឯទៀតនៃភូមិសាស្ត្រខេត្តកែបក៏មានមនុស្សទៅលម្ហែកម្សាន្តដូចទឹកបាក់ទំនប់ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ ដល់រាត្រីឆ្លងឆ្នាំ ថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ ខេត្តកែបបានទទួលបដិសណ្ឋារកិច្ចក្រុមអ្នកទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយកំណើនភ្ញៀវមានការកើនឡើងគួរឱ្យកត់សម្គាល់មានប្រមាណជាង១៥មឺុននាក់ឯណោះ។
ជាមួយនឹងឱកាសនោះដែរ គេបានកត់សម្គាល់ឃើញភ្ញៀវទេសចរដែលមកពីគ្រប់មបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសក្រៅពីសំម្រុកមកលម្ហែនៅមាត់ឆ្នេរកែប ឬឆ្នេរអង្កោល ពួកគាត់បាននាំក្រុមគ្រួសារជិះទូកទៅសម្រាក លម្ហែនៅតាមបណ្តាកោះមួយចំនួន នៃភូមិសាស្តខេត្តកែបផងដែរ ពិសេសកោះទន្សាយដែលជាទីតាំងមួយមានទេសភាពយ៉ាងស្រស់ត្រកាលមានខ្យល់អាកាសបរិសុទ្ធប្រកបដោយភាពទាក់ទាញបំផុត។
ចំពោះថ្ងៃដ៏វិសេសវិសាលនៃពិធីឆ្លងឆ្នាំសកល២០១៨-២០១៩នេះ ក្រុមអ្នកទេសចរបាននាំគ្នាទៅលម្ហែ កម្សាន្ត នៅចំណុចមាត់ឆ្នេរកែប យ៉ាងច្រើនកុះករ ព្រោះ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះរដ្ឋបាលខេត្តកែបក្រៅពីមានរៀបចំកម្មវិធីរាំសប្បាយ ក៏មានការបង្ហោះគោមរាប់រយគោម និងការអុជកាំជ្រួចជិត១.០០០ដើមសម្រាប់អបអរក្នុងឱកាសឆ្លងឆ្នាំសកល២០១៨-២០១៩ផងដែរ។
គេបានសង្កេតឃើញផងដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ សម្រាប់ខេត្តកែប ពិតជាមានមនុស្សសម្រុកមកសម្រាក លម្ហែ កម្សាន្តច្រើនសន្ធឹកសន្ធាប់ ហើយរមណីយដ្ឋានមួយនេះពិតជាមានសណ្តាប់ធ្នាប់ និងរក្សាបានសុខសុវត្ថិភាពល្អប្រសើរជូនក្រុមអ្នកទេសចរទៀតផង៕ សេង ណារិទ្ធ







