(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្ការ១០រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ លោក សំ សារីន ប្រធានក្រុមប្រិក្សាខេត្ត លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌល៥ លោក លោកស្រី ជាអភិបាលរងខេត្ត និងសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក បានអញ្ជេីញចូលរួមបុណ្យសពលោក មីុ លីន អាយុ ៧៣ឆ្នាំ មេឃំុ អង្កោល ស្រុកដំណាក់ចង្អើរ ដែលបានទទួលមរណភាព កាលពីរាត្រីឆ្លងអាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដោយរោគាពាធ។
ជាមួយនឹងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះលោក មីុ លីន មេឃុំអង្កោល ដែលលោកបានទទួលមរណភាពនាពេលនេះ ថ្នាក់ដឹកនាំខេត្តកែប ក៏បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន គ្រឿងឧបភោគ បរិភោគ ជាអង្ករ ១៥០គ.ក្រ ទឹកបរិសុទ្ធ០៤កេះ ទឹកក្រូច ១កេះ ទឹកផ្លែឈឺ០១កេះ និងថវិកា ៣.២០០.០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពទុកចាត់ចែងធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សូមជម្រាបផងដែរថា៖ បើតាមការរៀបរាប់ពីសំណាក់ក្រុមគ្រួសារនៃសព បានបញ្ជាក់ថា លោក មីុ លីន មេឃុំអង្កោល ចាប់ផ្តើមមានជំងឺធ្ងន់ធ្ងរក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៨ ដោយខណៈនោះ ក្រុមគ្រួសារទាំងមូលបានពុះពារបញ្ជូនលោកទៅសង្គ្រោះ ព្យាបាលគ្រប់មន្ទីរពេទ្យល្បីៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅតែមិនអាចព្យាបាលជាសះស្បើយនោះឡើយ បើទោះជាពួកគាត់បានចំណាយថវិកាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ។លុះអស់លទ្ធភាពនឹងព្យាបាល ក្រុមគ្រួសារក៏សម្រេចចិត្តបញ្ជូនលោកមីុ លីន មកព្យាបាលនៅឯលំនៅដ្ឋានវិញ។ដោយសារស្ថានភាពជំងឺកាន់តែដុនដាបទៅៗ លោកមីុ លីន ក៏បានទទួលមរណភាពនៅរាត្រីឆ្លងឆ្នាំសកល(ថ្ងៃទី០១ខែមករា ឆ្នាំ២០១៩)តែម្តង ហើយពេលនេះ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅក្នុងគេហដ្ឋាន៕ សេង ណារិទ្ធ






