ខេត្តបន្ទាយមានជ័យ ៖ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៨ ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន លោក សម សុធារ័ត្ន បានជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចររហូតដល់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើង នៅភូមិសាស្ត្រឃុំចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យជនរងគ្រោះ បានបង់ជីវិត ដោយជាប់នៅក្នុងរថយន្ត និងកប់នៅក្នុងភក់ប្រឡាយ ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេប្រទះឃើញរថយន្ត នៅក្នុងប្រឡាយមួយកន្លែង ក្បែរផ្លូវជាតិលេខ ៥៨ ។
ប្រភពឲ្យដឹងថា លោកបានធ្វើដំណើរពី បឹងត្រកួន ទៅប៉ោយប៉ែត នាពេលយប់ កាលយប់មិញថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ ដោយមិនមាននរណាម្នាក់បានដឹងនោះទេ ។ លុះម៉ោង០៧ និង ១០ នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ទើបបងប្អូនប្រជាពលរដ្ឋប្រទះឃើញរថយន្ត០១គ្រឿង គ្រោះថ្នាក់នោះ នៅក្នុងប្រឡាយ និង សាកសព គាបជាប់ក្នុងរថយន្ត ជាប់ផ្លូវជាតិលេខ៥៨ ទើបរាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចបាន ជួយអន្តរាគមន៍ ហៅរថយន្តស្ចូច មកស្ទូចរថយន្ត និង សាកសព ចេញពីក្នុងទឹកប្រឡាយដើម្បីស្រាវជ្រាវ និងធ្វើកំណត់ហេតុ ។
ចំណែកសាកសព សមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តមួយ នៅក្នុងឃុំគោករមៀត ជិតច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន ដើម្បីរងចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕






