ខេត្តប៉ៃលិន ៖ ការថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលំចំនួនពីរខ្សែរ ប្រវែង២៥០០ម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត ,លោកអភិបាលស្រុកសាលាក្រៅ ,សប្បុរសជន,អាជ្ញាធរភូមិ/ឃុំ,ក្រុមការងារស.ស.យ.កខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ បានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបម្រើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។លោកជំទាវអ្នកតំណាងរាស្ត្រ បានបន្តថា៖ បើប្រទេសជាតិ គ្មានសុខសន្តិភាពនោះទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធិសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះយើងត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សាសមិទ្ធិផល ដែលមានសព្វថ្ងៃ និងជាពិសេសខិតខំថែរក្សា នូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ឱ្យស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្ដេចតេជោ សែន ជាប្រមុខ គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុង បានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធិផលធំៗជាច្រើនទៀត ជូនជាតិ និងប្រជាជន។ជាមួយគ្នានេះដែរលោកជំទាវ ក៍បានជំរុញ ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ មិនលំអៀង ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ហើយជាពិសេសត្រូវចូលរួមថែរក្សាផ្លូវមួយខ្សែរនេះ ឲ្យបានថិតថេរ ព្រោះជាផ្លូវរួមនៃយើងទាំងអស់គ្នា ហើយក៍មិនមែនជាផ្លូវសម្រាប់តែគណបក្សប្រជាជនដែរ ។
សូមបញ្ជាក់ថា៖ បើតាមលោកមេភូមិអូរឈើក្រំ បានលើកឡើងថា៖ ភូមិអូរឈើក្រំ មានផ្ទៃដីចំនួន១២៦៦ហិកតា ក្នុងនោះដីលំនៅដ្ឋានមានចំនួន៨០ហិកតា ដែលមានប្រជាពលរដ្ឋចំនួន២៤៣គ្រួសារ ព្រមទាំងដីភ្នំ២០០ហិកតាផងដែរ ចំពោះការបើកការដ្ឋានសាងសង់ផ្លូវលំទាំងពីរខ្សែរនេះ គឺមានប្រវែង២៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលផ្តើមថវិការដោយលោកឧត្តមសេនីយ៍ត្រី ទី សុខា ប្រធានក្រុមការងារចុះជួយភូមិអូរឈើក្រំ និងសប្បុរសជនមួយចំនួនទៀត ដោយចំណាយថវិកា៥០លានរៀលផងដែរ ៕







