(ខេត្តកំពត)៖ លោកស្រី ស៊ីសុវណ្ណ បុទុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំ និងសម្របសម្រួលយេនឌ័រ នឹងការប្រែប្រួល អាកាសធាតុ នៃក្រសួងកិច្ចការនារីបានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្ដីពី ការគណនាតម្លៃនៃការបញ្ជ្រាបយេនឌ័រ ដើម្បីបន្ស៉ាំ នឹងការប្រែប្រួលអាកាសធាតុ ក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត និងមានសុវត្ថិភាពនិងការប្រមូលទិន្នន័យដើមគ្រាបែងចែកតាមភេទដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៧ខែធ្នូឆ្នាំ ២០១៨នៅឯខេត្តកំពត។
អង្គសិក្ខាសាលានេះក្រោមការរៀបចំឡើងដោយក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងកិច្ចការនារីមានរយៈពេល ២ថ្ងៃនិងមានអ្នកចូលរួមពីមន្ត្រីតំណាងអាជ្ញាធរខេត្តនិងស្រុកឃុំប្រជាពលរដ្ឋពាក់ព័ន្ធ សរុបចំនួន៦៤នាក់ក្នុងគោលបំណងពង្រឹងសមត្ថភាពលើវិធីសាស្ត្រក្នុងការគណនានូវការចំណាយ និងអត្ថប្រយោជន៍សេដ្ឋកិច្ច នៃការបញ្ជ្រាបយេនឌ័រ ក្នុងការលើកកម្ពស់ នៃការទទួលបានទឹកស្អាតនិងមានសុវត្ថិភាពនិងការប្រមូលទិន្នន័យដើមគ្រាបែងចែកតាមភេទ ដែលបានចុះអង្កេតផ្ទាល់កន្លងមកក្នុងឃុំគោលដៅចំនួន២ គឺឃុំតានី និងឃុំភ្នំកុង នៃស្រុកអង្គរជ័យខេត្តកំពត។
សូមបញ្ជាក់ថា៖បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបានក្លាយជាគ្រោះមហន្តរាយមួយដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិនិងជាអាទិភាពរសើបសម្រាប់សកលលោកក្នុងសតវត្សទ២១នេះ។ខណៈពេលដែល ភពផែនដីកាន់តែ កើនឡើងកំដៅ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមានកម្រិតកាន់តែធ្ងន់ធ្ងរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថានពិភពលោក។ ដូច្នេះហើយការប្រែប្រួលអាកាសធាតុត្រូវបានចាត់ទុក ជាបញ្ហាចំបងដែលត្រូវដោះស្រាយតាមរយៈការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពសមស្របមួយ ដើម្បីឆ្លើយតបទាំងកម្រិតសកលលោក ថ្នាក់តំបន់និងថ្នាក់ជាតិ។ ហើយដើម្បីឆ្លើយតបជាបន្ទាន់សម្រាប់ផលប៉ះពាល់នៃបញ្ហាខាងលើនេះ គំនិតផ្តួចផ្តើមនានា ដែលមានការគិតគូរពីយេនឌ័រ ជាពិសេសការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមានភាពចាំបាច់សម្រាប់ប្រទេសកម្ពុជាយើងដែលគួរត្រូវតែបានតាក់តែង និងរៀបចំជាដំណើរការមួយដែលអាចជួយពួកគាត់ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអកាសធាតុនេះ។
បច្ចុប្បន្នទិន្នន័យសម្រាប់ផលប៉ះពាល់នៃគ្រោះមហន្តរាយនិងផលប៉ះពាល់ពីធម្មជាតិ មិនត្រូវបានបែងចែករវាងស្ត្រីនិងបុរសនោះទេ ដែលទាំងនេះវាមានការលំបាកសម្រាប់អ្នកតាក់តែងគោលនយោបាយ ក្នុងការរៀបចំសកម្មភាពសមស្របណាមួយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ លើស្ត្រី បុរស កុមារ ចាស់ជរា និងជនមានពិការភាព។ ហើយលើសពីនេះទៀតនោះ ថែមទាំងមិនមានទិន្នន័យច្បាស់លាស់ណាមួយបង្ហាញពីការចំណាយក្នុងការបញ្ជ្រាបយេនឌ័រ និងការវិភាគរវាងការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៉ាំនឹង ការប្រែប្រួលអាកាសធាតុផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ចឡើយ។
ដូច្នេះតាមរយៈនៃអង្គសិក្ខាសាលានេះលោកស្រី ស៊ីសុវណ្ណ បុទុម សង្ឃឹមថា៖នឹងទទួលបានលទ្ធផលជាវិជ្ជមាន សម្រាប់ជាមូលដ្ឋានប្រើប្រាស់ក្នុងការវាស់វែង នូវប្រសិទ្ធភាពនៃការអនុវត្តការបញ្ជ្រាបយេនឌ័រក្នុងគម្រោងបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនានា៕
សេង ណារិទ្ធ







