ខេត្តប៉ៃលិន៖ ហេតុការណ៍ធ្វេសប្រហែសមួយ បណ្តាលឲ្យក្រុមចោរចូលលួចទ្រព្យសម្បត្តិអស់មួយចំនួន ខណៈម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក ដោយមិនចាក់សោរផ្ទះ ទើបចោចូលលួចទ្រព្យសម្បត្តិតែម្តង ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥ព្រឹក ស្ថិតនៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ុត លាង ភេទប្រុស អាយុ៥៩ឆ្នាំ ជាកសិករ ដែលមានប្រពន្ធ ឈ្មោះ ស៊ឹម ចាន់លី អាយុ៥៨ឆ្នាំ ជាអាជីវករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដោយបាត់អស់ទ្រព្យសម្បត្តិមួយចំនួន ។ ចំណែកក្រុមចោរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
លោក ហុង ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន បានឲ្យដឹងថា៖ នេះជាការធ្វេសប្រហែសមួយ ដោយសារតែម្ចាស់ផ្ទះ មិនចាក់សោរ ចាក់កន្លឹៈឲ្យជិត បណ្តាលក្រុមចោរចូលលួចទ្រព្យសម្បត្តិ ដោយសេរីនោះ ប៉ុន្តែលោកសង្ស័យថាជាក្រុមចោរតួចតាច ដោយសារតែទ្រព្យសម្បត្តិក្នុងផ្ទះ ដូចជាម៉ូតូគឺក្រុមចោរមិនយកនោះទេ ។
លោកបានបន្តថា៖ ក្រោយពីចុះពិនិត្យទីតាំងកើតហេតុខាងលើ សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរទាំង នោះ ដោយមានគ្នាប្រមាណចាប់ពី២នាក់ឡើងទៅ ព្រោះចោរបានបន្សល់ទុកនូវស្នាមជើង ដែលលើឡៅតឿក្នុងផ្ទះផងដែរ ។លោក បានបន្តទៀតថា៖ ទ្រព្យសម្បត្តិ ដែលក្រុមចោរចូលលួចទៅរួមមាន ,ទូរស័ព្ទដៃចំនួន៣គ្រឿង, ប្រាក់ខ្មែរ១០ម៉ឺនរៀល, ប្រាក់ដុល្លារ ចំនួន៧០ដុល្លារ, កាបូបស្ពាយ១គ្រឿង, កាបូបដាក់លុយអស់ចំនួន២ អាវពីរ អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ហើយករណីនេះគឺជាទម្លាប់ របស់ម្ចាស់ផ្ទះ មិនដែលចាក់សោរផ្ទះនោះឡើយ ទើបបណ្តាលឱ្យក្រុមចោរ ចូលលួចពេញក្នុងផ្ទះតែម្តង ។
បើតាមលោក ប៊ុត លាង អាយុ៥៩ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ថា៖ ដំបូងឡើយ គាត់និងក្រុមគ្រួសារ បានដេកនៅក្នុងផ្ទះលង់លក់ ដោយអត់មានឮសម្លេងអ្វីទាំងអស់ លុះភ្ញាក់ពីដំណេកនៅវេលាម៉ោង៥ទៀបភ្លឺ ក៍ស្រាប់តែរកមើលអាវពាក់ មិនឃើញ ហើយរបស់របរ នៅរាយប៉ាយខុសប្រក្រតី ដោយមានការបាត់បង់ទ្រព្យសម្បត្តិមួយចំនួននៅក្នុងផ្ទះ ទើបសន្និដ្ឋានថាមានក្រុមចោរចូលលួចរបស់ទាំងនោះ ទើបគាត់មានការភ្ញាក់ផ្អើល រួចប្តឹងដល់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ៃលិន ចុះមកពិនិត្យតែម្តង ។ គាត់ បានបន្តថា៖ សំណាងដែរ ដែលកូនរបស់គាត់ មិនបានដោះខ្សែក ខ្សែដៃ ចេញពីខ្លួន កុំអីត្រូវក្រុមចោរ យកទាំងអស់ជាក់ជា មិនខានឡើយ ៕
ដោយ សេង សុវណ្ណារិទ្ធ



