ខេត្តប៉ៃលិន ៖ បន្ទាប់ពីការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធមន្ត្រីសុរិយោដីរត់ការធ្វើប្លងដីគេ បាត់ដីចំនួន៨ហិកតា រួចមក នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នេះ ប្រជាពលរដ្ឋម្នាក់ ដែលរងការចោទប្រកាន់ថា រំលោភយកដីគេជិត៨ហិកតានោះ បានស្នើរសុំរកភាពយុត្តិធម៌ ចាត់ទុកថាជាការបំផ្លើសព័ត៌មានពីភាគីម្ខាងទៀត ថាជារឿងមិនពិតប្រាកដនោះទេ ។
លោកស្រី ហុក វួចណៃ អាយុ៥៩ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឲ្យភ្នាក់ងារSEATV ដឹងកាលពីរសៀលថ្ងៃទី០២ ខែធ្នូនេះថា៖គាត់បានទិញដីមួយកន្លែងនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ពីឈ្មោះ គង់ សាមួន មេភូមិអូរប្រើស កាលពីឆ្នាំ២០០៨ ដោយមានឯកសារត្រឹមត្រូវ ច្បាស់លាស់ តាមផ្លូវច្បាប់ ព្រមទាំងបានធ្វើប្លង់ដី ចេញដោយសុរិយោដីខេត្តទៀតផង ហើយដីមួយកន្លែងនេះជាដី ដែលត្រូវបាន គេចោទប្រកាន់គាត់ ថាលួចធ្វើប្លង់ ប៉ុន្តែវាមិនពិតនោះទេ ដោយអំឡុងពេលមន្ត្រីសុរិយោដីចុះវាស់វែងធ្វើប្លង់ដីនោះ គឺមានភាគីទាំងសងខាងដឹងលឺផងដែរ ចំពោះការគ្រប់គ្រងដី នៅចំណុចនេះតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៥ ទើបមានទំនាស់រឿងព្រំដីជាមួយឈ្មោះ ញឹក បូរ៉ាឌី ដែលចោទប្រកាន់រូបគាត់។
លោកស្រី បានបន្តថា៖កាលពីអំឡុងពេលសុរិយោដី ចុះវាស់វែងដីគាត់ គឺឈ្មោះ ញឹក បូរ៉ាឌី ហៅពៅអូស្រា្តលី មិនស្គាល់ដីគាត់នេះទេ ដោយឲ្យរូបគាត់ និងកម្មករធ្វើរបស់គាត់ ទៅជួយចង្ហុលបង្ហាញព្រំដីទៀតផង ដូច្នោះការដែលឈ្មោះ ញឹក បូរ៉ាឌី ហៅពៅអូស្រា្តលី ចោទប្រកាន់គាត់គឺវាមិនពិតប្រាកដនោះទេ ដោយគាត់ស្នើសុំឲ្យមានផ្សាយរកភាពយុត្តធម៌ ដល់គាត់វិញផងដែរ(សូមស្តាប់ការបញ្ជាក់បន្ថែមពីឈ្មោះ ហុក វួចណៃ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន)។
ពាក់ព័ន្ធបញ្ហាខាងលើលោក គង់ សាមួន មេភូមិអូរប្រើស ដែលជាអ្នកលក់ដីឲ្យឈ្មោះខាងលើ បានឲ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង១៥និង២៣នាទីថ្ងៃទី០២ ខែធ្នូនេះថា៖គាត់បានលក់ដីនៅចំណុចខាងលើឲ្យទៅឈ្មោះ ហុក វួចណៃ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ពិតប្រាកដមែន ហើយដីនេះជាដីដែលមេៗចែកឲ្យគាត់ កាលពីអំឡុងជាប់សង្គ្រាម គឺលក់ឲ្យតាំងពីឆ្នាំ២០០៨មកម្លេះ ចំណែកដីឈ្មោះ ញឹក បូរ៉ាឌី គឺមិនមាននៅទីនេះទេ ទើបតែក្រោយមកនៅពេលដែលទិញតពីគេប៉ុណ្ណោះ ចំពោះដីរបស់គាត់ក៍មិនបានលក់ឲ្យឈ្មោះ ញឹក បូរ៉ាឌី ដែរ ដូច្នោះករណីខាងគឺវាមិនពិតប្រាកដដែរ ។
ចំណែកលោក នួន ប៊ុនថុល មន្ត្រីសុរិយោដីខេត្តប៉ៃលិន ដែលចុះវាស់វែងដីនៅចំណុចខាងលើ ក៍បានបញ្ជាក់តាមទូរស័ព្ទកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០២ ខែធ្នូនេះដែរថា៖ លោកបានចុះវាស់វែងដីនៅចំណុចហ្នឹងមែន ហើយអំឡុងពេលចុះវាស់គឺដីនៅចំណុចនោះមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ដោយភាគី ទាំងសងខាងបានឯកភាពគ្នាទទួលដឹងលឺគ្រប់ៗគ្នា រហូតដល់មានការចេញប្លង់ជាប្រព័ន្ធឲ្យប្រើប្រាស់ទៀតផង ប៉ុន្តែលោកក៍មិនបានដឹងចំនួនដីប៉ុន្មានហិតដែរថា ចង់ដឹងអាចមកមើលនៅមន្ទីរសុរិយោដីខេត្តបានផងដែរ ។
គួររំលឹកដែរថា៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាល បានផ្សាយរឿង មន្ត្រីសុរិយោដីខេត្តប៉ៃលិន ម្នាក់រត់ការធ្វើប្លងដីឲ្យពលរដ្ឋ បាត់ដីចំនួន៨ហិកតា ដោយឈ្មោះ ញឹក បូរ៉ាឌី បានចោទប្រកាន់ឈ្មោះ សែម សុខន និង ឈ្មោះ ហុក វួចណៃ ព្រមទាំងឈ្មោះ នួន ប៊ុនថុល មន្ត្រីសុរិយោដីខេត្ត ថាឃុបឃិតគ្នាលួចធ្វើប្លង់ដីរបស់គាត់ រហូតដល់បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនទៀតផង(សូមស្តាប់ការបញ្ជាក់ពីឈ្មោះ ញឹក បូរ៉ាឌី ពលរដ្ឋរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន )។
សូមបញ្ជាក់ថា៖ករណីខាងលើនេះ យើងមិនទាន់ដឹងពីចំណាត់ការនិងនិតិវិធីរបស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅឡើយទេ ក្រោយពីឈ្មោះ ញឹក បូរ៉ាឌី ដាក់ពាក្យបណ្តឹងរួចរាល់ហើយនោះ ៕
ដោយ សេង សុវណ្ណារិទ្ធ




