(ក្រចេះ)៖ ក្រុមយុវជនប្រមាណ៧០០នាក់ ដែលចូលរួមព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរទៅដល់វិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះហើយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមការបញ្ជាក់ពីក្រុមយុវជន ដែលចូលរួមព្រឹត្តិការណ៍នេះ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមយុវជនទាំងអស់បានធ្វើដំណើរវិមានអនុស្សាវរីយ៍ទាំងអស់គ្នា ប្រកបដោយសុវត្ថិភាពហើយ បើទោះមានអ្នកខ្លះជួបប្រទះនូវបញ្ហាឈឺជើង ឬរមូលក្រពើ បន្ដិចបន្ដួចក៏ពិតមែន ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ។
យ៉ាងណាមិញ ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ទីតាំងដែលត្រូវប្រារព្ធពិធីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានរៀបចំរួចរាល់ហើយ យ៉ាងមានលក្ខណៈល្អប្រសើរ ដោយរង់ចាំតែថ្ងៃប្រារព្ធមកដល់ប៉ុណ្ណោះ។
សូមរំលឹកថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ ដោយឡែក ២ធ្នូ ឆ្នាំនេះ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនា ពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីកចម្រើន នាពេលបច្ចុប្បន្នផងដែរ។
ពិធីដ៏អធឹកអធមខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ម៉ឺននាក់ផងដែរ ៕






