នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត ដែលជាវិស័យមួយក្នុងចំណោមវិស័យ ៣សំខាន់ គឺឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលបាននិងកំពុងដំណើរការវិនិយោគនិងអភិវឌ្ឍទទួលបានជោគជ័យយ៉ាងល្អប្រសើរហើយដែលក្រុមហ៊ុនមានបំណងនាំយកនិងផ្ទេរបច្ចេកវិទ្យាទាំងអស់នេះទៅដល់ដៃប្រជាកសិករកម្ពុជាតាមរយ:ការវិនិយោគលើខ្សែចង្វាក់ផលិតកម្មស្រូវ និងមាន់ដោយចាប់ផ្តើមពីការដាំដុះ រហូលដល់ផលិតផលសម្រេច ពីA ដល់Z។
លោកនាយកក្រុមហ៊ុនបានជម្រាបជូនថា រោងចក្រផលិតកម្មស្រូវរបស់គាត់សាងសង់លើផ្ទៃដីជាង១០ហតហើយស្ថិតនៅជិតដងទន្លេ។ទន្ទឹមនឹងនេះក្នុងគោលបំណងជួយរួមចំណែកដល់ការដឹកជញ្ជូនផលស្រូវសើមរបស់សហគមន៍កសិកម្ម ក្រោយការប្រមូលផលមកកាន់ឃ្លាំងសម្ងួតបានទាន់ពេលវេលា និងក្នុងតម្លៃថោក រដ្ឋាភិបាលចិនបានជួយជីកព្រែកសប្បនិមិត្តមួយពីដៃទន្លេតភ្ជាប់នឹងរោងចក្រ ។
លើសពីនេះទៅទៀត ដោយមានការឧបត្ថម្ភទុនពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំប្រមាណ មួយលានប្រាំសែនដុល្លារ ក្នុងការជួយធានាតម្លៃកសិផល និងពង្រីកមធ្យោបាយផលិតកម្ម រោងម៉ាស៊ីនស្រូវនេះគឺមានលទ្ធភាពកិនស្រូវបានប្រមាណជា១៦០០តោនក្នុង១ថ្ងៃស្តុកស្រូវបាន៣៩ម៉ឺនតោននិងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង២០ម៉ឺនតោនក្នុង១ឆ្នាំផងដែរ។បច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពធ្វើកិច្ចសន្យាជាមួយសហគមន៍កសិកម្មមួយឆ្នាំៗលើផ្ទៃដីដាំដំណាំស្រូវប្រមាណជា ២ម៉ឺនហត ។
ដោយឡែក សម្រាប់កសិដ្ឋានចិញ្ចឹមមាន់សាច់ រោងចក្រកែច្នៃស៊ុតមាន់ និងចំណីមាន់ដែលបំពាក់ដោយឧបករណ៍ និងបច្ចេកទេសស្វ័យប្រវត្តិក្នុងការផលិត និងកែច្នៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះខ្សែចង្វាក់ផលិតកម្មដែលបានប្រើប្រាស់បច្ចេកទេសទំនើបធានាបាននូវស្តង់ដារ គុណភាព និងសុវត្ថិភាពតាមតម្រូវចិត្តនិងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយកសិករ ដែលខ្សែចង្វាក់ផលិតកម្មនេះ គឺពិតជាឆ្លើយតបតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បាន និងចង់ឃើញវិស័យឯកជននៅកម្ពុជាយកទៅអនុវត្ត៕



