ខេត្តបន្ទាយមានជ័យ ៖ បញ្ហាទំនាស់ដីធ្លី នៅក្រុងប៉ោយប៉ែតនៅតែជាចំណុចគោល ដែលត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត កំពុងចំណាត់ការជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្នុងអាណត្តិលោកឧកញ៉ា សាន ស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត។ហើយនៅក្នុងអាណត្តិលោកឧកញ៉ា សាន ស៊ានហូ មន្ត្រីខិលខូចមួយចំនួនត្រូវបានលោកដកមុខតំណែងចេញ មូលហេតុមកពីពួកមន្ត្រីទាំងនោះមិនបំរើផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសមន្ត្រីថ្នាក់ជាមេភូមិតែម្តង ។
ប៉ុន្តែដោយឡែក រឿង មេភូមិព្រៃព្រិចគឺលោកស្រី ហុកលឿម វិញដែលសព្វថ្ងៃកំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាកំពុងលួចដីរបស់បងប្អូនប្រជាពលរដ្ឋនោះនូវមិនទាន់មានចំណាត់ការពីសាលាសង្កាត់ប៉ោយប៉ែតនិង សាលាក្រុងប៉ោយប៉ែតនៅឡើយទេ ។
ដូចជាករណីដីចំនួនពីរឡូត៍របស់លោក ហេង តាំងលាង អាជីវករលក់ដូរផ្សារថៃ ដែលត្រូវបានលោកស្រី ហុក លឿម មេភូមិព្រៃព្រិច ត្រូវបានលោក ហេង តាំងលាងបានចោទប្រកាន់ថាបានឃុបឃិតគ្នា ជាប្រព័ន្ឋលួចលក់ដីរបស់គាត់ដែលមានបណ្ណ័ទទួលស្គាល់ពីគណះកម្មាករត្រឹមត្រូវពីអាជ្ញាធរទៅអោយអ្នកដ៏ទៃ ដោយមិនខ្លាចញញើត ទៅនឹងប្រពន្ធ័ច្បាប់បន្តិចសោះឡើយ។
ប៉ុន្តែបើទោះជាសារព័ត៌មានយើងទាក់ទងសុំការបំភ្លឺយ៉ាងណាក៏ដោយលោកស្រី ហុក លឿម ឆ្លើយថាជាប់រវល់ ។ ហេតុដូចនេះហើយ ទើបបានជាប្រជាពលរដ្ឋរងចាំមើលចំណាត់ការ របស់ថ្នាក់ដឹកនាំសង្កាត់និងសាលាក្រុងប៉ោយប៉ែត មានចំណាត់ការមកលើលោកស្រី ហុក លឿម ដែលឬយ៉ាងណា ។
នេះជាប្រសាសន៍នៃការឆ្លើយបំភ្លឺរបស់លោក ហេង តាំងលាង ដែលជាជនរងគ្រោះបានរៀបរាប់ដូចសំណេរដើមដូចខាងក្រោមនេះ៖លោក ហេង តាំងលាង ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថា ៖ លោកបានទិញដីចំនួន០២ឡូត៌កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៦ ដែលស្ថិតនៅចំណុចព្រៃព្រិចភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីឈ្មោះ មូល មឿន ភេទប្រុស បច្ចុប្បន្នអាយុ៧៦ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាន ម៉ារី បច្ចុប្បន្នអាយុ៦២ឆ្នាំ ដែលមានទំហំដីទទឹង ២០ម៉ែត្រនិងបណ្ដោយ២០ម៉ែត្រស្មើនឹង៤០០ម៉ែត្រការ៉េ ហើយដីនោះលោកបានចែកឲ្យទៅប្អូនប្រុសឈ្មោះ ឈីវ តាំងឡា អាយុ៤២ឆ្នាំ បានកាន់កាប់រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ ហើយបានទៅសុំមេភូមិដើម្បីធ្វើប័ណ្ណកាន់កាប់ដីនោះ ហើយក៏បាននាំមេភូមិ ឈ្មោះ ហុក លឿម មកបង្ហាញទីតាំងដីស្រាប់តែមេភូមិរូបនេះបាននិយាយថាដីនេះមិនអាចធ្វើប័ណ្ណបានទេព្រោះមានបញ្ហាពាក់ពន្ធ័នាក់ជិតខាង។
ពេលនោះលោកក៏បានទៅរកភាគីម្ខាងដែលមេភូមិអះអាងថាពាក់ព័ន្ធនោះ ជាច្រើនដងតែមិនបានជួបព្រោះគាត់រវល់ទៅរកស៊ីនៅប្រទេសថៃ។លុះក្រោយមកនៅដើមឆ្នាំ២០១៥ ស្រាប់តែឈ្មោះ ហុក លឿម ដែលសព្វថ្ងៃជាមេភូមិព្រៃព្រិចនោះបានលួចឃុបឃិតគ្នាជាមួយ បុគ្គលឈ្មោះ ឯល យូរ លួចធ្វើប័ណ្ណកាន់កាប់លើដីនោះទៅវិញ។
ដោយបានបែងចែកដីរបស់ខ្ញុំបាទឲ្យកូនគាត់ឈ្មោះ លី ផូរ ចំនួន១០ម៉ែត្រគុណ២០ម៉ែត្រនិងឈ្មោះមិត្ត ឧត្ដម ចំនួន១០ម៉ែត្រ គុណ២០ម៉ែត្រទៅវិញ ។ ក្រោយមកប្អូនប្រុសខ្ញុំបានព្យាយាមទៅដោះស្រាយជាមួយមេភូមិ តែមេភូមិបាននិយាយថាចែកគ្នាម្នាក់១ឡូត៌ទៅ ហើយចេញលុយឲ្យកូនគាត់ចំនួន២៥០០០បាត(ពីម៉ឺនប្រាំពាន់បាត) ។ ប៉ុន្តែដំណោះស្រាយនោះ ប្អូនរបស់ខ្ញុំមិនព្រមទទួលយកទេ រួចក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ប៉ោយប៉ែតដើម្បីជួយរកដំណោះស្រាយ។ក្រោយមកសង្កាត់បានកោះហៅមេភូមិ និងបុគ្គលឈ្មោះឯល យូរ មកដោះស្រាយជាច្រើនលើក បាននាំភាគីទាំងសងខាងទៅដល់ទីតាំងដី ស្រាប់តែបុគ្គលឈ្មោះ ឯល យូរ ចង្អុលទីតាំងដីម្ដងនៅខាងនោះ ម្ដងនៅខាងនេះគ្មានភាពច្បាស់លាស់ពិតប្រាកដ។
យោងតាមឯកសារនិងសាក្សីរស់នៅជិតខាង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ចៅសង្កាត់ឈ្មោះ នុត លី បានឲ្យឈ្មោះ ឈីវ តាំង ឡា ធ្វើរបងព័ទ្ធជុំវិញលើដីនោះ នៅថ្ងៃដដែលនោះស្រាប់តែមេភូមិឈ្មោះ ហុក លឿម បាននាំកូនស្រីរបស់ខ្លួនឈ្មោះ លី ផូរ ទៅវាយកំទេចនិងដកបង្គោលរបងនៅទីតាំងដីនោះដោយមិនខ្លាចញញើតនឹងច្បាប់ឡើយ។ ពេលនោះ ប្អូនប្រុសខ្ញុំបានទៅហាមឃាត់ដែរតែកូនស្រីមេភូមិមិនស្ដាប់ឡើយ ក្រោយមកបាត់ដំណឹងឈឹងរាប់ខែ ។ ក្រោយមកក៏ទៅសួរសង្កាត់ម្ដងទៀតមន្ត្រីសាលាសង្កាត់បាននិយាយថា៖សំណុំឯកសារពាក្យបណ្ដឹងនេះបានបញ្ជូនទៅសាលាក្រុងប៉ោយប៉ែតហើយ។
លុះដល់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៨ នេះខ្ញុំក៏បានយកពាក្យបណ្ដឹងថ្មីទៅជួបលោកអភិបាលក្រុង លោកសាន ស៊ានហូ ដើម្បីអោយជួយរកដំណោះស្រាយនិងរកយុត្តិធម៌ ហើយគាត់ក៏បានឲ្យយកពាក្យបណ្ដឹងប្អូនប្រុសខ្ញុំនេះទៅដោះស្រាយនៅសាលាសង្កាត់សិន ។ ពេលនោះខ្ញុំក៏បានយកពាក្យបណ្ដឹងទៅដាក់ដល់សាលាសង្កាត់ជាថ្មីម្ដងទៀត ។ អស់រយៈពេលជាងមួយសប្តាហ៍ពុំឃើញមានមន្ត្រីសាលាសង្កាត់រកដំណោះស្រាយទាល់តែសោះ ។ ស្រាប់តែនៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០១៨នេះ កូនស្រីមេភូមិឈ្មោះ លី ផូ បានហៅរថយន្តមកចាក់ដីមានទំនាស់នោះទៀត ហើយខ្ញុំក៏បានទៅហាមឃាត់ដែរតែកូនមេភូមិមិនព្រមស្តាប់ឡើយ ដោយនិយាយថាគេចាក់លើដីរបស់គេ ហើយខ្ញុំក៏បានក៏ទាក់ទងទៅលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដែរតែគាត់ឆ្លើយថាចាំសួរមេភូមិសិន ចាំបាត់ៗរហូត ។ ខ្ញុំក៏បានទៅយកពាក្យបណ្ដឹងដែលដាក់កាលពីថ្ងៃមុន ពីមន្ត្រីសាលាសង្កាត់ឈ្មោះ ប្រក់ នី ដើម្បីយកទៅជួបចៅសង្កាត់ផ្ទាល់ លោក ភោគ លន ក៏បានយកពាក្យបណ្ដឹងទៅជួបលោក ប្រក់ នី ហើយក៏បានប្រាប់ថាឲ្យវ៉ៃត្រាចូលអោយគាត់ហើយត្រូវធ្វើលិខិតកោះហៅមេភូមិដើម្បីរកដំណោះស្រាយ ហើយលោក ប្រក់ នី ក៏បានទៅពិភាក្សាជាមួយលោកចៅសង្កាត់ភោគ លន ក្រោយមកក៏បានប្រាប់វិញថាពាក្យបណ្ដឹងនេះមិនបាច់វ៉ៃត្រាទេចាំគាត់ហៅមេភូមិមកដោះស្រាយ រហូតមកទល់ពេលនេះស្ងាត់ឈឹងតែម្ដង៕








