ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ រថយន្តយីឌុបចំនួន១០គ្រឿងរបស់មេឈ្មួញទាំង៣រូប គឺឧកញ៉ា សឹង សំអុល, ឧកញ៉ា ប៉ោ សំអឿន និងឧកញ៉ាតុប វីដា នៅតែមានចេតនាដឹកជញ្ជូនបទល្មើសព្រៃឈើ ស្របពេលច្បាប់បាននិងកំពុងរឹតបន្តឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងសកម្មនោះ ។
តាមប្រភពព័តមានពីពលរដ្ឋឲដឹងថា ក្រុមឧកញ៉ាទាំងបីរូបនេះបានលើកឈើពេញប្រៀប នៅចំណុចម្តុំព្រៃខ្មោច ចន្លោះក្រុមហ៊ុន៩៥ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រួចចេញបាន៦គ្រឿង មកដល់ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេសវៀតណាម ក៏មានករណីបែកធ្លាយ ធ្វើឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធមួយចំនួន ដែលបានប្រយោជន៍ពីរត់ការភ័យស្លន់ស្លោ និងរួមគំនិតគ្នាជាមួយឈ្មួញដើម្បីផ្តល់ព័ត៌មានបិទបាំងចំពោះសមត្ថកិច្ចផ្សេងទៀត ចៀសវាងការបង្ក្រាប ដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្តែង ។
រថយន្តយីឌុបទាំង៦គ្រឿងនេះត្រូវបានពួកគេបង្ខំចិត្តយកទៅលាក់ទុកនៅចំណុចចម្ការម្រេចរបស់កូរ៉េ ឈ្មោះ វ៉ាយអូប្លាយ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ដោយឡែកសមត្ថកិច្ចមួយក្រុមទៀត បានតាមប្រមាញ់ដើម្បីឈានដល់ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នេះ ប៉ុន្តែជាលទ្ធផល ទោះជាល្បីខ្ទរខ្ជាររឿងឡានដឹកឈើនេះពេញខេត្តមណ្ឌលគិរីក៏ដោយ ក៏ សមត្ថកិច្ចមិនអាចបង្ក្រាបបាន បន្ទាប់ពីក្រុមសមត្ថកិច្ច និងជំនាញផ្សេងទៀតបានអះអាងថា រថយន្តទាំងនោះ ដឹកឈើជន្លង់ម្រេច ដើម្បីជាលេស រហូតដល់រថយន្តទាំង៦គ្រឿងនោះ ទម្លាក់ឈើចោល ហើយបានបើកទៅកាន់កន្លែងក្រុមហ៊ុន យូនីគ្រីន វិញដោយសុវត្ថិភាព ។
ប្រភពពីសមត្ថកិច្ចមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា តាមពិតចម្ការម្រេចរបស់កូរ៉េឈ្មោះ វ៉ាអូប្លាយ មិនអាចជាកន្លែងទទួលយកឈើជន្លង់ម្រេចដាំបន្តទៀតទេ ដោយសារបច្ចុប្បន្ន ជាទីតាំងដែលជាំទឹក ដូច្នេះការលើកឡើងរបស់សមត្ថកិច្ចបង្វែរទៅជាឡានដឹកឈើប្រណីត ទៅជារថយន្តដឹកឈើជន្លង់ គឺមានចេតនា បំបាត់ភស្តុតាង កើតឡើងដោយអំពើពុករលួយ លក្ខណៈប្រព័ន្ធ ។ មិនត្រឹមតែសកម្មភាពដឹកឈើនេះធូរលុងសម្រាប់ទឹកដីខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ជាក់ស្តែងពេលឈ្មួញកំពុងលើកឈើនៅម្តុំព្រៃខ្មោច ជិតក្រុមហ៊ុន៩៥បណ្តើរៗ គេក៏បានឃើញវត្តមាន ឧកញ៉ាតុប វីដា កំពុងចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាចជាមួយនឹងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីយ៉ាងរំភើយ ។ ចំណុចនេះ គេក៏ពុំដឹងថា លោកស្នងការត្រូវរ៉ូវគ្នាជាមួយឈ្មួញ ឬក៏លោកមិនទទួលបានព័ត៌មានពីសកម្មភាពលើកឈើ ដឹកជញ្ជូនឈើរហូតដល់ផ្អើលពេញខេត្តមណ្ឌលគិរីនាយប់ថ្ងៃទី៥ ខែសីហា នោះឬមួយយ៉ាងណាទេ ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក្រុមរបស់ឧកញ៉ាទាំង៣រូបខាងលើ បានឲ្យរថយន្តបាកុង និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលទៅកាន់តំបន់ភ្នំព្រេច តាមផ្លូវក្រុមហ៊ុនយូនីគ្រីន ក្នុងគោលបំណងទៅអូស និងដឹកជញ្ជូនឈើ ដើម្បីយកមកដាក់ក្នុងក្រុមហ៊ុនយូនីគ្រីន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្រោយមក ក៏មានរថយន្តយីឌុបចំនួន១០គ្រឿងបានចូលទៅដឹកឈើ ដែលកាប់អារ ច្រៀកជាឡាំងថ្មីៗ នៅចំណុចម្តុំព្រៃខ្មោចជិតក្រុមហ៊ុន៩៥ ហើយដឹកចេញបាន៦គ្រឿង ក៏បែកការណ៍ ។
ប្រភពពីប្រទេសវៀតណាម ដែលអាចជឿទុកចិត្តបានធ្លោយឲ្យដឹងថា បន្ទាប់ពីឧកញ៉ាសឹង សំអុល ចាប់ដៃគ្នាជាមួយឧកញ៉ាប៉ោ សំអឿន ឧកញ៉ាតុប វីដា រួមគ្នាជាក្រុមតែមួយក្នុងការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរីនេះ គេបានឃើញវត្តមានឧកញ៉ាតុប វីដា បានទៅទំនាក់ទំនងជាមួយថៅកែឈើវៀតណាម និងបានយកប្រាក់មករត់ការ ស្ទើរគ្រប់សមត្ថកិច្ច និងអាជ្ញាធរទៅហើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន៦គ្រឿង បានដឹកឈើចេញពីចំណុចព្រៃខ្មោច ជិតក្រុមហ៊ុន៩៥ក្នុងដីចម្ងាយប្រហែល១០គីឡូម៉ែត្រ ដឹកចេញមកដល់ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេសវៀតណាម បានក្លាយទៅជារឿងបែកការ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មិនទទួលយកប្រយោជន៍ ។
សារព័តមានយើងពុំអាចសុំការបកស្រាយពីលោកអភិបាលខេត្ត និងលោកស្នងការខេត្តបាននោះទេ?





