សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាំអំណោយចែកជូនពលរដ្ឋ១៦គ្រួសារ ដែលរងការខូតខាតផ្ទះសម្បែង ដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានអនុសាខាក្រុង/ស្រុក ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.ក ចុះសួរសុខទុក្ខ និងនាំយកឣំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់កាលពីរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៤ ចំនួន១៦ ខ្នងផ្ទះ ស្ថិតនៅ ឃុំស្ទឹងកាច់,ឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះលោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា សម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាមួយគ្នានោះដែរ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានសម្តែងនូវការចូលរួមសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលបង្កឡើងដោយគ្រោះធម្មជាតិ គឺខ្យល់កន្ត្រាក់នាពេលនោះ ដែលធ្វើឱ្យមានការប៉ះពាល់ខ្លាំង ដល់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ រហូតដល់ផ្ទះខ្លះត្រូវខ្យល់វាយឱ្យរលំដល់ដី ដែលបានបង្កនូវផលលំបាក ក្នុងជីវភាពរស់នៅផងដែរ។ លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋដែលរងគ្រោះ ឱ្យបានសមរម្យឡើងវិញ ដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត ម្យ៉ាងទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់។ជាមួយគ្នានេះដែរប្រសិនបងប្អូន ជួបនូវគ្រោះធម្មជាតិ សូមប្រញ៉ាប់រាយការណ៍បន្ទាន់ ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះ ឱ្យបានទាន់ពេលវេលា ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឱ្យនៅរងគ្រោះនោះឡើយ។
សូមបញ្ជាក់ថា៖ ប៉ៃលិន អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេះ, ទឹកត្រី ៤ដប, ខ្លាញ់ ២ដប និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ព្រមទាំងស័ង្កសីបែងចែងតាមចំនួនជនរងគ្រោះជាក់ស្តែង សរុបចំនួន ១៨៨សន្លឹក ផងដែរ៕អត្ថបទ សេន ត

ប្រពន្ធ័ផ្សព្វផ្សាយ



