ខេត្តមណ្ឌលគិរី ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទំនងមិនបានជ្រាបច្បាស់អំពីសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ់របស់មេឈ្មួញ ហ៊ុន ជានោះទេ? ដែលកំពុងតែធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើប្រណីតឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំខេត្តមណ្ឌលគិរីយ៉ាងអនាធិបតេយ្យជាទីបំផុតដោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ជាមួយនិងមេឈ្មួញហ៊ុនជានោះទេ? ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទីនេះ សម្តេច ហ៊ុន សែន បានធ្វើការព្រមានធ្ងន់ៗដល់ត្រកូល(ហ៊ុន)ណា ដែលប្រព្រឹត្តិអំពើល្មើសច្បាប់ សម្តេចហ៊ុនសែន និងមិនលើកលែងទោសឲ្យជាដាច់ខាត ។ ដូច្នេះករណីដែលមេឈ្មួញ ហ៊ុន ជា ដែលត្រូវជាក្អួយប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន នោះ? ដែលកំពុងតែធ្វើសកម្មភាពបំផ្លាញព្រៃឈើ នៅក្នុងទឹកដីខេត្តមណ្ឌលគិរីនោះ? ចាំមើលសម្តេច ហ៊ុន សែន ហ៊ានចាត់វិធានការទៅលើមេឈ្មួញ ហ៊ុន ជា ដូចដែលសម្តេចហ៊ុនសែន បានធ្វើការព្រមាន កាលពីពេលកន្លងទៅនេះដែលឬទេ?
ក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ក្បួនរថយន្តដឹកឈើប្រណិត របស់មេឈ្មួញហ៊ុនជា ជាទូទៅគឺតែងតែ ធ្វើសកម្មភាពលួចដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម នៅពេលយប់តាមច្រកទ្វេរភាគីខាងលើនិងច្រកប្រាំពីរ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយក្បួនរថយន្តដឹកឈើប្រណីតរបស់មេឈ្មួញ ហ៊ុន ជា ប្រៀបបីដូចជារថយន្តដឹកបុណ្យកឋិនអ៊ីចឹង? ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីមិនហ៊ានក្អកជាមួយនិងមេឈ្មួញ ហ៊ុន ជា នោះទេ?។
ប្រភពខាងលើបានឲ្យដឹងទៀតថា ជាទូទៅឈ្មោះ ម៉ាប់ ជាសេនាដៃស្តាំរបស់មេឈ្មួញ ហ៊ុន ជា ដែលកំពុងតែចេញមុខរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីដើម្បីធ្វើការ
ដោះស្រាយគ្នាដោយមានមេឈ្មួញហ៊ុន ជា ជាអ្នកនៅពីក្រោយធ្វើជាខ្នងបង្អែកដ៏រឹងមាំទៀតផង ដោយមេឈ្មួញ ហ៊ុន ជា មិនចេញមុខមកដោះស្រាយផ្ទាល់នោះ ក៏ដោយសារតែទទួលរងនូវការព្រមានយ៉ាងចាស់ដៃពីសំណាក់សម្តេច ហ៊ុន សែន បានធ្វើការស្តីបន្ទោសខ្លាំងៗ ទៅលើសាច់ញាតិនិងកូនក្មួយដែលប្រើឈ្មោះត្រកូល (ហ៊ុន) ទៅធ្វើអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើមនិងដោយការប្រព្រឹត្តបទល្មើសផ្សេងៗ ។
ទោះបីជាសម្តេច ហ៊ុន សែន បានព្រមានយ៉ាងណាក៏ដោយក៏មេឈ្មួញ ហ៊ុន ជា បែរជាកំពុងតែល្បីល្បាញទៀតហើយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដែលប្រឆាំងនឹងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុសែន ដោយខណៈពេលនេះ មេឈ្មួញ ហ៊ុន ជា កំពុងជាប់ពាក់ព័ន្ធជាឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងការដឹកជញ្ជូនឈើឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំខេត្តមណ្ឌលគិរី ដែលមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដូចហែរកឋិនចេញជារៀងរាល់យប់ ដែលដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មានស្ថាប័នសម្ថកិច្ចណាហ៊ានចាប់បង្ក្រាបនោះឡើយ? ។ មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែលចេញមុខកាងឈើឲ្យមេឈ្មួញ ហ៊ុន ជា គឺតែងតែប្រើសម្តីខ្លាំងៗគំរាមដាក់សមត្ថកិច្ចឬស្ថាប័នខាងណាមួយដែលចង់មកសួរនាំនិងរារាំងក្បួនរថយន្តឡង់គ្រីស័រ០០៧ និងតូរីស ដែលដឹកឈើបន្តកន្ទុយគ្នា ។ សូមបញ្ជាក់ថា បន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សបីនាក់ កាលពីពេលកន្លងទៅនេះរួចមក ពេលនេះមេឈ្មួញហ៊ុន ជា កំពុងជិះសេះលែងដៃមិនខ្វល់ខ្វាយ ពីមន្ត្រីជំនាញណាហ៊ានចូលទៅតំបន់នោះទៀតទេ ទើបក្រុមរថយន្តដឹកឈើរបស់លោក ម៉ាប់ បានដំណើរការយ៉ាងរលូនជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ដែលប្រចាំការនៅច្រកដាក់ដាំនេះផងដែរ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថាជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បែបនេះបានកំរើកឡើងវិញហើយតាមច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់ដាំដែលគ្មានមន្ត្រីជំនាញនិងស្នាក់ការច្រកទ្វារអើពើបន្តិចសោះឡើយ? ។ ថ្មីនេះ គេបានប្រទះឃើញមានរថយន្តសាំយ៉ុងនិងឡង់គ្រីស័រប្រមាណចំនួនជាង៦០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំនិងច្រកប្រាំពីរ ។
ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងទៀតថា ឡានសាំយ៉ុងនិងឡង់គ្រីស័រទាំងនេះដឹកឈើស្ទើរតែរាល់ថ្ងៃហើយចេញម្តងៗមានចំនួនជាង៦០គ្រឿងដឹកយ៉ាងរលូនគ្មានអាជ្ញាធរមូលដ្ឋានឬជំនាញពាក់ព័ន្ធជាពិសេសប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង ប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរីកំពុងតែបិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំភើយ។
ប្រភពដដែលនោះ បានខ្សឹបប្រាប់ថា ម្ចាស់រថយន្តឡង់គ្រីស័រជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់ឈ្មោះថាជារបស់លោកម៉ាប់ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីធ្វើការដោះស្រាយគ្នាស្ងាត់ៗស៊ីតាមជំនាញដែលហាក់ដូចជាមានភាពអនាធិបតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គមជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្នងការនគរបាលខេត្តមណ្ឌលគិរីនិងជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគីរីគួរមានវិធានការឲ្យបានឆាប់កាន់តែប្រសើរ ពីព្រោះចៀសវាងការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅខេត្ត មណ្ឌលគិរីនេះ តែម្តង ។
ប្រជាពលរដ្ឋរង់ចាំមើលប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅមានប្រសិទ្ធភាពចំពោះមេឈ្មួញ និងមន្ត្រីពាក់ព័ន្ធ ផ្នែកជំនាញ និងសម្ថកិច្ចគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លានេះដែរឬទេ? ។ ប៉ុន្តែទោះជាយ៉ាងណា គេសង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់ជាមិនលើកលែងចំពោះមេឈ្មួញ ហ៊ុន ជា ដែលជាក្មួយបង្កើតនោះឡើយ?។
ទាំងឡាយណា ដែលយកឈ្មោះត្រកូល ហ៊ុន ទៅរកស៊ីបទល្មើសខុសច្បាប់បំផ្លាញកិត្តិយសគ្រួសាររបស់សម្តេចនោះ មុខជាមិនរួចខ្លួនបានឡើយគឺអាចមានវាសនាអាក្រក់ដូចជាសង្វៀនជល់មាន់លោកថៃ ផានី ជាក្មួយប្រសារដែលត្រូវបានសម្តេចហ៊ុន សែន ប្រកាសឲ្យចាប់ខ្លនយកទៅដាក់គុករួចមកហើយ ចុះឥឡូវនេះដល់ពេលមេឈ្មួញហ៊ុន ជា ប្រព្រឹត្តបទល្មើសព្រៃឈើស្ថិតក្នុងកណ្តាប់ដៃដែក របស់ សម្តេច ហ៊ុន សែន នឹងកំចាត់ចេញជាក់ជាពុំខាន។
ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ អង្គភាពយើងបានទាក់ទងតាម WhatspApp ទៅលោកហ៊ុនជាដែរ តែលោកមិនឆ្លើយតប ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីក៏មិនឆ្លើយតបដែរ ។ តែអង្គភាពយើងរង់ចាំបកស្រាយស្តីពីច្បាប់ព័ត៌មានរាល់ម៉ោងធើ្វការ ៕



