កំពត ៖ មិនដឹងជាខុសបច្ចេកទេសដោយសាររថយន្តឬជាកំហុសអ្នកបើកបរនោះទេ សុខៗស្រាប់តែរថយន្តម៉ាកPajeroមួយគ្រឿងបានរេចង្កូតខុសផ្លូវ ហើយជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតល្វែងខាងមុខនិងខូចខាតអស់ម៉ូតូមួយគ្រឿង។ប៉ុន្តែហេតុការណ៍ខាងលើនេះពុំបង្កធ្វើឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ដោយគ្រាន់តែបង្កឲ្យខូចខាតទ្រព្យសម្បតិ្តតែប៉ុណ្ណោះ។
ហេតុការណ៍ស្ទើព្រលឹងចុងសក់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០២ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងសាលាស្រុកកំពង់ត្រាច នៃទីរួមស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពនៅកន្លែងកើតហេតុនិយាយថា មុនពេលជួបរឿងភ្ញាក់ផ្អើល គេឃើញរថយន្តខាងលើបើកបរដោយមន្ត្រីនគរបាលម្នាក់ ដោយគេដឹងថាគាត់មកធ្វើការដូចសព្វមួយដងនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច លុះបើកបរមកដល់ចំណុចកើតហេតុគឺនៅសល់ប្រមាណ១០០ម៉ែត្រទៀតដល់កន្លែងទៅហើយ ស្រាប់តែរថយន្តនោះរេចង្កូតសំដៅចូលផ្ទះអ្នកស្រុកតែម្តង ដែលបានធ្វើឲ្យអ្នករស់នៅម្តុំនោះរត់ចែកផ្លូវគ្នាទាំងព្រលឹងចង់សក់។ប្រភពបានឲ្យដឹងដឹងទៀតថា ក្នុងហេតុការណ៍នោះ ក៏បានធ្វើឲ្យម៉ូតូម៉ាកZOOMER-Xមួយគ្រឿងទទួលរងការខូចខាតផងដែរ។
ពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងដូចខាងលើ ម្ចាស់រថយន្តបានបញ្ជាក់ប្រាប់ថារូបគាត់ជាមន្ត្រីនគរបាលនៃអធិការស្រុកកំពង់ត្រាចដែលនៅក្បែរចំណុចកើតហេតុនេះ។គាត់បានអះអាងថា គាត់បើកបរប្រុងប្រយ័ត្នបំផុត ប៉ុន្តែខណៈដែលគាត់កំពុងបើកបរ ស្រាប់តែរថយន្តរបស់គាត់រេចង្កូតសំដៅទៅបុកផ្ទះអ្នកស្រុកដោយឯកឯងតែម្តង ហើយហ្វ្រាំងក៏ជាន់មិនជាប់ទៀត មិនដឹងមូលហេតុអី្វទាល់តែសោះ ដោយឧប្បត្តិហេតុបែបនេះគាត់ពិតជាឆ្ងល់ខ្លាំងណាស់ ណាមួយឡានក៏ខូច ថែមទាំងសងរាល់ការខូចខាតទ្រព្យសម្បតិ្តអ្នកដទៃទៀតផង…ហ៊ី! ម្តងនេះចប់ហើយ។
ក្រោយពីកើតហេតុ ម្ចាស់រថយន្តនិងម្ចាស់ផ្ទះ ព្រមទាំងម្ចាស់ម៉ូតូ កំពុងនិយាយចរចាគ្នា ប៉ុន្តែសំណងត្រឹមកម្រិតណាមិនទាន់ដឹងនៅឡើយ៕
សេង ណារិទ្ធ






