កែប ៖ មានការភ្ញាក់ផ្អើលទាំងយប់ខណៈស្ត្រីជាបុគ្គលិកម៉ាស្សាម្នាក់ត្រូវជនបរទេសជាភ្ញៀវ បានអារ.ក សម្លាប់យ៉ាងសាហាវ កាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងហាងម៉ាស្សា យីហោ”លីដា ខ្មែរម៉ាស្សា”ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។
តាមប្រភពពីអ្នករស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានចូលធ្វើការដូចសព្វមួយដង ដោយខណៈនោះ គេឃើញមានជនបរទេសម្នាក់ចូលមកម៉ាស្សា នៅហាងខាងលើ ។
ប្រភពបានបន្តថា ក្រោយពីចូលម៉ាស្សាមួយសន្ទុះ ស្រាប់តែមានសម្លេងស្រែកឆោឡោ ដោយសារតែស្ត្រីរងគ្រោះនោះ ត្រូវជនបរទេសដែលជាភ្ញៀវអារ.ក សម្លាប់នៅក្នុងបន្ទប់ រួចជនដៃដល់ក៏រត់គេចខ្លួនបាត់តែម្តង ។
ប្រភពដដែលបានបញ្ជាក់អះអាងថា កាលពីរថ្ងៃមុនជនបរទេស (ជនដៃដល់) ក៏ធ្លាប់មកហាងម៉ាងនេះម្តងជាពីរដងដែរ ប៉ុន្តែយប់កើតហេតុនេះ ជនដៃដល់បានមកឲ្យស្ត្រីរងគ្រោះម៉ាស្សាម្តងទៀត ដោយពួកគេបានចូលបន្ទប់តែពីរនាក់ គាប់ជួនឃើញរូបនាងសាច់សខ្ចីស្អាតបែបទំនង ក៏មានអារម្មណ៍ចង់រួមរ័ក្ស ទើបលូកលាន់ប៉ងរំលោភ តែស្ត្រីរងគ្រោះមិនព្រមក៏យកកាំបិតអារ.ក សម្លាប់ចោលតែម្តង។
ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ លុច សុខគៀង ភេទស្រី អាយុ២៥ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកម៉ាស្សា ស្នាក់នៅក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ប៉ុន្តែមានស្រុកកំណើតនៅភូមិព្រៃសំបួរ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្ត្រីរងគ្រោះ រស់នៅក្នុងបន្ទុកគ្រួសារ មានប្តីនិងមានកូនស្រីម្នាក់អាយុទើបតែ០៨ខែ ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា នេះជាឃាតកម្មមកលើស្ត្រីដែលជាបុគ្គលិកម៉ាស្សា ត្រូវជនជាតិបរទេស ជាភ្ញៀវប៉ុនប៉ងរំលោភមិនបានសម្រេច ដោយសារស្ត្រីរងគ្រោះមិនព្រម ថែមទាំងរើបម្រះនិងមានការប្រតាយប្រតប់ ទើបជនដៃដល់យកកាំបិតអារ.ក សម្លាប់ចោលតែម្តង។
សមត្ថកិច្ចបានអះអាងថា ករណីនេះបានកើតឡើងក្នុងចន្លោះម៉ោង៧យប់ ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈជនរងគ្រោះនិងជនបរទេសដៃដល់នៅក្នុងបន្ទប់តែពីរនាក់។
ក្រោយពីធ្វើកោសល្យវិច័យ សពត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង តាមប្រមាញ់ជនដៃដល់ដើម្បីយកទៅផ្តន្ទានៅចំពោះមុខច្បាប់។
ព័ត៌មានចុងក្រោយពីក្រុមសមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ដែលជាជនជាតិបរទេសរូបនោះ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់បានហើយ ដោយជននេះកំពុងពួនសំងំលាក់ខ្លួននៅក្រុងកំពត ហើយខណៈនេះសមត្ថកិច្ចនឹងនាំជនសង្ស័យមកកាន់ភូមិសាស្ត្រកើតហេតុ ដែលជាសាមីករណី ដើម្បីធ្វើការសាកសួរ៕
សេង ណារិទ្ធ






