កំពត ៖ មានករណីភ្ញាក់ផ្អើលទៀតហើយ ដោយសារមានក្មេងសិស្សសាលាក្នុងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនដងទង់ កំពុងរៀនសុខៗស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ដោយគ្មានមូលហេតុច្បាស់លាស់។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ច និយាយថា បានកើតឡើងរយៈពេលបីថ្ងៃបន្តបន្ទាប់គ្នាមកហើយ គឺចាប់ពីថ្ងៃទី១៩រហូតដល់ព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដងទង់ក្នុងស្រុកដងទង់ ខេត្តកំពត។
លោក សំ យ៉ុន នាយកទីចាត់ការវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដងទង់បានរៀបរាប់ថា ការដួលសន្លប់នេះគឺបានកើតឡើងមុនដំបូងនៅថ្ងៃទី១៩និងទី២០ខែកុម្ភៈឆ្នាំ២០១៨ ដោយមានសិស្សដួលសន្លប់ប្រមាណជាង១០នាក់។បន្ទាប់ពីមានករណីចម្លែកនេះលោក ក៏ដូចជាអាណាព្យាបាលសិស្សក៏បញ្ជូនទៅសង្គ្រោះនៅតាមគ្លីនិកឯកជននិងខ្លះទៀតនាំទៅព្យាបាលនៅឯមណ្ឌលសុខភាព។លោកបន្តថា លុះដល់ព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្រាប់តែមានសិស្សដួលសន្លប់ជាបន្តបន្ទាប់ទៀត ដោយមានរហូតជិត១០នាក់ផងដែរ ទើបលោកព្រមទាំងអាណាព្យាបាល ជួយអន្តរាគមន៍ ដោយដឹកពួកគេមកសង្គ្រោះជាបន្តបន្ទាប់ទៀត។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា សិស្សសាលាដែលដួលសន្លប់នេះ ភាគច្រើនខ្វះជីវជាតិទ្រទ្រង់រាងកាយ ហើយក៏មានមួយចំនួនស្រែករវើរវាយស្រដៀងខ្មោចចូលសណ្ឋិតក្នុងខ្លួន ពោលគឺដូចករណីសិស្សដួលសន្លប់នៅក្នុងស្រុកអង្គរជ័យដែរ នៃខេត្តកំពតដែរ។ប៉ុន្តែសិស្សានុសិស្សដែលសន្លប់នោះ ក្រោយពីបានសង្គ្រោះព្យាបាលចាក់ថ្នាំ ព្យួរសេរ៉ូមរួចមក ក៏បានដឹងខ្លួនហើយអាណាព្យាបាលក៏បាននាំទៅកាន់លំនៅឋានរៀងៗខ្លួនវិញហើយ។
សូមជម្រាបថា៖ បន្ទាប់ពីមានសិស្សដួលសន្លប់នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០១៨ លោកគ្រូ អ្នកគ្រូ ព្រមទាំងនាយកសាលា បានសន្យាថានឹងធ្វើពិធីសូត្រមន្តរំដោះគ្រោះឬធ្វើពិធីសែនព្រេន ស្រដៀងនឹងការធ្វើពិធីនៅក្នុងស្រុកអង្គរជ័យកាលពីលើកមុនដែរ ប៉ុន្តែពិធីនោះមិនទាន់បានប្រារព្វផងស្រាប់តែសិស្សសាលាចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់ ដោយខ្លះស្រែករវើរវាយ និយាយផ្តេសផ្តាសមិនដឹងទិសតំបន់ រហូតដល់ព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨នេះតែម្តង ដោយក្នុងរយៈពេលបីថ្ងៃនេះមានសិស្សដួលសន្លប់សរុបប្រមាណជិត២០នាក់ឯណោះ៕ សេង ណារិទ្ធ






