ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ មកពី៥ឃុំ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលោកស្រី សៀង ចានហេង មក ២ កន្លែងផ្សេងៗគ្នាបាន លើកគ្នាមកតវ៉ានៅមុខសាលាខេត្តកណ្តាល ដើម្បីទាមទារឲ្យអាជ្ញាធររបស់ឯកឧត្តម ម៉ៅ ភារុណ ជួយដោះស្រាយជូនប្រជាពលរដ្ឋនិងបញ្ឈប់ការធ្វើទុកបុកម្នេញចំពោះប្រជាពលរដ្ឋជាម្ចាស់ដីពិតប្រាកដ។
លោកស្រី អឿង សារី តំណាងសហគមន៍ និងប្រជាពលរដ្ឋឃុំព្រែកស្លែងស្រុកកណ្តាលស្ទឹង ជាង១០០០គ្រូសារ បានប្រាប់សាព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ការដែលលោកស្រី និងប្រជាពលរដ្ឋលើកគ្នាមកតវ៉ាថ្ងៃនេះ ក៏ដោយសារបណ្តឹងសុំដោះស្រាយរបស់ប្រជាពលរដ្ឋមិនឃើញអាជ្ញាធរមានដំណោះស្រាយជូនពលរដ្ឋនោះទេ តែបើខាងក្រុមហ៊ុនប្តឹងប្រជាពលរដ្ឋទៅវិញ គឺអាជ្ញាធររវៀសរវ៉ៃណាស់មិនបានទុកយូរទេ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សៀង ចាន់ហេង បានដាក់គ្រឿងចក្រចុះកាយព្រំលើដីប្រជាពលរដ្ឋដែលកំពុងមានជំលោះ ។ ឃើញបែបនេះ ប្រជាពលរដ្ឋព្យាយាមរារាំងសកម្មភាពរបស់ក្រុមហ៊ុនរហូតដល់ទៅ៣ដង និងបានដាក់ពាក្យបណ្តឹងទៅសាលាស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាព និងដោះស្រាយជាមួយប្រជាពលរដ្ឋឲ្យដាច់ស្រេចសិន ។ ក៏ប៉ុន្តែការសុំអន្តរាគមរបស់ប្រជាពលរដ្ឋ មិនមានការដោះស្រាយទេ ស្រាប់តែនៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌបានកោះហៅតំណាងប្រជាពលរដ្ឋឲ្យចូលខ្លូនបភ្លឺ តាមដោយយោងតាមបណ្តឹងរបស់លោកស្រី សៀង ចាន់ហេង ទៅវិញ។
ប្រជាពលរដ្ឋសួរថា. តើអាជ្ញាធរខេត្តកណ្តាលធ្វើបែបនេះ គឺដើម្បីប្រយោជន៍ប្រជាជន ឬដើម្បីផលប្រយោជន៍អ្នកមានអំណាច.?..
ចំណែកឯលោកស្រី សន អាន ជាប្រជាពលរដ្ឋដែលរងគ្រោះ និងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអ្នកស្រី សៀង ចាន់ហេង នៅភូមិអំពៅព្រៃនោះវិញបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២៩២គ្រូសារ ស្ថិតនៅឃុំចំនួន ៤ គឺឃុំអំពៅព្រៃឃុំកណ្តោប ឃុំជើងកើប និងសង្កាត់ព្រែកហូរ កំពុងវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេងអភិឌ្ឍ ហើយត្រូវបានក្រសួងរៀបចំដែនដីបដិសេធ ចំពោះការសុំអន្តរាគមរបស់ប្រជាពលរដ្ឋ ។
លោកស្រីបន្តថា ប្រជាពលរដ្ឋរងគ្រោះធ្លាប់បានដាក់បណ្តឹងជាច្រើនលើកមកហើយ សាលាខេត្តកណ្តាល តែមិនដែលមានដំណោះស្រាយជូនប្រជាពលរដ្ឋទេ ទើបពួកគាត់លើកគ្នាមកថ្ងៃនេះ ។ ខណៈពេលប្រជាពលរដ្ឋកំពុងតវ៉ាមានបុគ្គលម្នាក់ដែលមិនហ៊ានប្រាប់ឈ្មោះ បានចេញមុខក្នុងនាមសាលាខេត្ត ដើម្បីសម្របសម្រួលប្រជាពលរដ្ឋ និងបានឲ្យប្រជាពលរដ្ឋធ្វើលិខិតដាក់មកសាលាខេត្ត ភ្ជាប់ជាមួយនឹងការផ្តិតមេដៃ ដើម្បីឲ្យតំណាងម្នាក់ចូលរួមមកដោះស្រាយចំពោះករណីនេះ និងសុំឲ្យប្រជាពលរដ្ឋផ្អាកសកម្មភាពតវ៉ាសិន ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលពួកគាត់ដាក់ពាក្យបណ្ដឹង តែមិនដែលឃើញដោះស្រាយយជួនពួកគាត់ដូចបណ្ដឹងរបស់ក្រុមហ៊ុនទេ តែមិនអីទេ លើកនេះដាក់តាមសំណើរបស់សាលាខេត្តទៀតចុះ ចាំមើលថា តើខាងខេត្តដោះស្រាយយ៉ាងម៉េចជាមួយប្រជាពលរដ្ឋ ?៕











