កំពត ៖ កាលពីរសៀលថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៩ខែកម្ភៈឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បំណាច់់ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ។
កិច្ចប្រជុំ មានសមាសភាព ចូលរួម ពីសមាជិកគណៈកម្មាធិការសាខា អនុសាខានិងប្រធានកិត្តិយសអនុសាខាក្រុង ស្រុកទាំង ៨ផងដែរ។
យោងតាមរបាយការណ៍លទ្ធផលការងារសម្រេចបាននាឆ្នាំ២០១៧កន្លង ទៅដែលបូករួម ទាំងការងារ គ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ-ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍- ការងារលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌-ការងារអភិវឌ្ឍស្ថាប័ននិងធនធាន គឺត្រូវបានរំលេចឆ្លុះបញ្ចាំងឲ្យឃើញពីភាពយកចិត្តទុកដាក់ខ្ពស់របស់សាខាកាកបាទក្រហមខេត្តដោយ ឆ្លើយតប បានទាន់ពេលវេលាក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះដោយយថាហេតុ បើប្រៀបធៀប ឆ្នាំ២០១៦ កន្លងទៅ មានការកើនឡើងគួរឲ្យកត់សម្គាល់និងមានភាពល្អប្រសើរ។
កិច្ចប្រជុំបានបន្តផ្ដោតយកចិត្តទុកដាក់ពិនិត្យរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៧ និងអនុម័តលើទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨ និងបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសមាសភាព គណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ផងដែរ។
លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ដោយលើកបញ្ជាក់ថា៖សមាគមជាតិកាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមួយឈរលើអព្យាក្រិតភាពបម្រើសកម្មភាពការងារមនុស្សធម៌ដោយមិនមានការលំអៀងនិងរើសអើងនូវនិន្នាការនយោបាយអ្វីឡើយ។ ស្ថាប័ននេះ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។
លោក ជាវ តាយ អភិបាលខេត្តក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានលើសកម្មភាពការងារសាខាកាកបាទក្រហមខេត្តកន្លងមកនិងបានផ្ដល់មតិណែនាំផ្ដាំផ្ញើដល់សមាជិកគណៈកម្មាធិការសាខា និងអនុសាខា ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់និងខិតខំ គៀងគរសប្បុរសជននានាដើម្បីស្វែងរកធនធានការគាំទ្រដល់ចលនា សកម្មភាពមនុស្សធម៌នេះឲ្យបានកាន់តែរីកចម្រើនរឹងមាំថែមទៀត។
ទន្ទឹមនឹងនោះដែរ យើងទាំងអស់គ្នាក៏ត្រូវខិតខំបំពេញកែលម្អបន្ថែមទៀតនូវចំណុចខ្វះខាតទាំងឡាយដែលមានកន្លងមកនិងប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះការចាយវាយ ការប្រើប្រាស់ថវិកា ឲ្យបានចំគោលដៅនិងគោលការណ៍គ្រឹះនៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បី បង្កើនជំនឿពីប្រជាជន សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាពក្នុងបុព្វហេតុមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាយើងឲ្យបានកាន់តែរីកចម្រើនរឹងមាំនិងខ្លាំងក្លាថែមទៀត ៕
សេង ណារិទ្ធ





