កំពង់ឆ្នាំង៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តមព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃប្រតិភូខេត្តប៉ៃលិន ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុង/ ស្រុកទាំង៨ និង មន្ត្រីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចំរើនលើគ្រប់វិស័យនិងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រតុកោណដំ ណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ យោងតាមអនុក្រឹត្យលេខ១៤៤៣អនក្រ.តត ចុះថៃ្ងទី ១៩ខែ ធ្នូឆ្នាំ២០១៧របស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសផ្ទេរភារកិច្ចឯកឧត្តមអៀង វុធ អតីតអភិបាលរង ខេត្តប៉ៃលិនមកជាអភិបាលរងខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមក ឯកឧត្តម អៀង វុធ បានឡើងធ្វើការប្តេជ្ញាចិត្តថា ៖ ឯកឧត្តមនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា ។ រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណ្ឌភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។
ឯកឧត្តមព្រំ សុខា បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ សង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ឯកឧត្តម អភិបាលរងខេត្ត ដែលទើបផ្ទេរភារកិច្ចអោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទីនៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។
ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាព អសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្ត្រីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ៕
រី ភារិទ្ធិ






