កំពង់ឆ្នាំង ៖ ពិធីនេះបានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុកជលគីរីលោកនាយ លោកនាយរងខណ្ឌរដ្ឋបាលជល និងប្រជាពលរដ្ឋចូលរួមប្រមាណជិត៣០០នាក់។
កូនឈើព្រៃលិចទឹក៥ប្រភេទចំនួន២ពាន់ដើម ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍អន្លង់អក និងមន្ត្រីរាជការនាំគ្នាដាំដុះនៅក្នុងតំបន់អភិវឌ្ឍន៍សហគមន៍អន្លង់ អក ស្ថិតក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីបង្កើននូវជំរកត្រីពងកូន។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានថ្លែងថា ក្រោយពីមានការកំណែទម្រង់វិស័យ ជលផល ខេត្តកំពង់ឆ្នាំងបានបង្កើតសហគមន៍នេសាទ បានចំនួន៦១សហគមន៍ ដែលបច្ចុប្បន្នកន្លែងអភិរក្សត្រី មេពូជមានចំនួន៤០កន្លែង និងព្រៃឈើលិចទឹកគ្រប់គ្រងដោយសហគមន៍មាន១០កន្លែង។
ពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានដាំកូនឈើព្រៃលិចទឹកបានចំនួន៧លើក នៅតាមបណ្តាសហគមន៍នេសាទ លើផ្ទៃដីទំហំសរុប១២ហិកតា និងប្រើប្រាស់កូនឈើប្រភេទព្រៃលិចទឹកចំនួន៣ម៉ឺនដើម។ នៅក្នុងទិសដៅបន្តខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានគម្រោងដាំព្រៃលិចទឹកនៅក្នុងសហគមន៍នេសាទសំរឹទ្ធជ័យទំហំ២ ហិកតាថែមទៀត។
នៅក្នុងពិធីនេះដែរលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា បច្ចុប្បន្នប្រភពធនធាន ជលផលរបស់យើងកំពុងមាននិន្នាការប្រឈម ទៅនឹងការបំផ្លិចបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលបង្កឡើងដោយជនល្មើសនេសាទអនាធិបតេយ្យមួយចំនួន ធ្វើនេសាទដោយខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ របាំងលូស្បៃមុង របាំងលបលូសាច់អួន បូមបាចពង្រីកបឹងបួ ដាក់សម្រាស់ កាប់ឆ្ការ ទន្ទ្រានយកដីព្រៃលិចទឹក ឈូសឆាយដុតបំផ្លាញព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធជាដើម។ ទង្វើបែបនេះ ធ្វើអោយធនធានជលផលបានថយចុះជាបន្តបន្ទាប់ស្ទើរតែ រៀងរាល់ឆ្នាំគួរឱ្យបារម្ភ។
លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហគមន៍នេសាទ រួមគ្នាបង្ការ និងទប់ស្កាត់ បង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីរួមចំណែកជួយថែរក្សាការពារធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពស្បៀង ពិសេសរួមគ្នាទប់ស្កាត់ការរំលោភបំពានយកព្រៃលិច ជួយការពារកន្លែងអភិរក្សធនធានជលផល។
ដោយឡែក លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានថ្លែងទៅកាន់អង្គពិធីថា ក្នុងពេលនេះ យើងរួមគ្នាដាំកូនឈើព្រៃលិចទឹកនៅក្នុងដែនគ្រប់គ្រង ដោយសហគមន៍នេសាទ ដែលបានបង្ហាញឱ្យឃើញពីសក្ខីភាព នៃកិច្ចការពារថែរក្សាគ្រប់គ្រងធនធានជលផលឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយនិរន្តរភាព រក្សាបាននូវសក្តានុពលធម្មជាតិបំពេញបន្ថែមនូវព្រៃដែលរេចរឹល ដាស់តឿនក្រើនរំលឹកដល់ស្មារតីប្រជាពលរដ្ឋ និងអ្នកនេសាទគ្រប់រូប ត្រូវបញ្ចៀសឱ្យបាននូវទង្វើនេសាទខុសច្បាប់ ជាពិសេសការកាប់ឆ្ការ គាស់រាន ឈូសឆាយដុតព្រៃលិចទឹកយកដីជាកម្មសិទ្ធិ និងការដាក់សម្រាស់ ដែលជាប្រការខុសឆ្គងយ៉ាងធ្ងន់ធ្ងរផ្ទុយនឹងច្បាប់ស្តីពីជលផល។
លោកអភិបាលរងខេត្តបាន សំណូមពរដល់អាជ្ញាធរឃុំស្រុក និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាចូលរួមជួយគាំទ្រ និងសុំចាត់បញ្ចូលផែនការអភិវឌ្ឍន៍៥ឆ្នាំរំកិល និងកម្មវីធីវិនិយោគ៣ឆ្នាំរំកិលដែលផ្តល់មូលនិធិរបស់ឃុំស្រុក និងជួយគ្នាសហការល្អជាមួយសហគមន៍នេសាទ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ពិសេសការកំណែទម្រង់វិស័យជលផលឱ្យមានការរីកចម្រើន និងគង់វង្សជានិរន្ត លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ៕




