ជូនដំណឹង! ការប្រឡងចូលក្របខ័ណ្ឌ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់ រដ្ឋបាលស្រុកតាលោសែនជ័យ និងមណ្ឌលអប់រំកែប្រែទី៤ សម្រាប់ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី២១ ឧសភា
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការមេប្រយោគ អនុគណៈកម្មការកណ្តាល អនុគណៈកម្មការ អនុរក្ស អនុគណៈកម្មការអប្បមាទ អនុគណៈកម្មការសន្តិសុខ និងការងារផ្សេងៗ ដើម្បីត្រៀមរៀបចំឱ្យដំណើរការ នៃការប្រឡងចូលក្របខ័ណ្ឌ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់ រដ្ឋបាលស្រុកតាលោសែនជ័យ និងមណ្ឌលអប់រំកែប្រែទី៤ សម្រាប់ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការមេប្រយោគ និងអនុគណៈកម្មការនានា សម្រាប់ដំណើរការរៀបចំការប្រឡងប្រជែង ជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់ រដ្ឋបាលស្រុកតាលោសែនជ័យ និងអនុរក្សពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី៤) សម្រាប់ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង អនុវិទ្យាល័យពោធិ៍សាត់។
ចំពោះអនុគណៈកម្មការនីមួយៗ ដែលបានរៀបចំនោះ៖
ទី១-អនុគណៈកម្មការមេប្រយោគ មានភារកិច្ចដឹកនាំលើការងារគ្រប់ផ្នែក ត្រៀមដោះស្រាយកិច្ចការផ្សេងៗដែលកើតមានឡើងជាយថាហេតុ នៅក្នុងមណ្ឌលប្រឡង ដើម្បីសម្រេចឱ្យបាននូវដំណើរការប្រឡង ស្របតាមគោលការណ៍ រួចរាយការណ៍ជូនគណៈកម្មការរៀបចំការប្រឡងខេត្ត។
ទី២-អនុគណៈកម្មការកណ្តាល មានភារកិច្ចទទួលបន្ទុកការងាររដ្ឋបាល នៅក្នុងមណ្ឌលប្រឡង ជាពិសេសសម្ភារៈដំណើរការប្រឡង ប្រគល់ និងទទួលសន្លឹកកិច្ចការប្រឡង របស់បេក្ខជនពីអនុរក្ស អនុវត្តឱ្យបានត្រឹមត្រូវ នូវតួនាទីភារកិច្ចដែលបានកំណត់ គោរពតាមការចាត់តាំងរបស់អនុគណៈកម្មការមេប្រយោគ និងធ្វើរបាយការណ៍អំពីដំណើរការប្រឡង ជូនគណៈកម្មការរៀបចំការប្រឡង។
ទី៣-អនុគណៈកម្មការសន្តិសុខ មានភារកិច្ចសហការជាមួយកម្លាំងប្រដាប់អាវុធ ធ្វើការឆែកឆេរគ្រប់បេក្ខជន ដើរត្រួតពិនិត្យការពារទាំងបរិវេណខាងក្នុង និងខាងក្រៅមណ្ឌលប្រឡង ដើម្បីទប់ស្កាត់រាល់សកម្មភាពផ្សេងៗដែលប៉ុនប៉ងរំខាន ឬធ្វើឱ្យមានការរំខានដល់ដំណើរការប្រឡង ក្នុងករណីមានសកម្មភាពមិនប្រក្រតីណាមួយកើតមានឡើង ត្រូវរាយការណ៍ជូនប្រធានអនុគណៈកម្មការមេប្រយោគ ដើម្បីមានវិធានការ។
ទី៤-អនុគណៈកម្មការអនុរក្ស មានភារកិច្ចត្រួតពិនិត្យបេក្ខជនមុននឹងអនុញ្ញាតឱ្យបេក្ខជនចូលបន្ទប់ប្រឡង ស្រង់វត្តមាន ចែកសន្លឹកកិច្ចការ និងវិញ្ញាសាប្រឡង ផ្សព្វផ្សាយឯកសារវិធានផ្សេងៗ ប្រមូលសន្លឹកកិច្ចការដែលបេក្ខជនបានធ្វើហើយ ដាក់បញ្ចូលសន្លឹកអវត្តមានរបស់បេក្ខជន និងរៀបតាមលំដាប់លេខតុក្នុងបន្ទប់នីមួយៗ និងបំពេញកំណត់ហេតុលើកកញ្ចប់កិច្ចការដែលបានបិទភ្ជាប់ជូន ដោយត្រូវចុះហត្ថលេខា របស់អនុរក្សទាំងពីរ រួចប្រគល់ជូនអនុគណៈកម្មការកណ្តាល ដើម្បីអនុវត្តនីតិវិធីបន្ត។
ដោយឡែកបេក្ខជនដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យចូលប្រឡងប្រជែង ជ្រើសរើសចូលក្របខ័ណ្ឌ សម្រាប់ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់មានចំនួន៨៩នាក់ ក្នុងនោះស្រី៤៦នាក់, ក្របខ័ណ្ឌមន្ត្រីក្រមការ មានចំនួន៧៦នាក់ ក្នុងនោះស្រី៥១នាក់, ក្របខណ្ឌលេខាធិការរដ្ឋបាល មានចំនួន១៥១នាក់ ក្នុងនោះស្រី១១២នាក់ និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ មានចំនួន ៣៦៨នាក់ ក្នុងនោះស្រី១៤៨នាក់។
លោក ខូយ រីដា ក៏បានផ្តាំផ្ញើដល់អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំការប្រឡង ដោយផ្អែកលើគោលការណ៍ តម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយអនុលោមបទប្បញ្ញត្តិជាធរមាន និងត្រូវមានផែនការសកម្មភាពការងារច្បាស់លាស់ ដើម្បីធានាថាអាចបញ្ចប់ដំណើរការប្រឡង និងអាចប្រកាសលទ្ធផលប្រឡងជាប់ជាស្ថាពរ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ តាមគោលការណ៍កំណត់របស់ក្រសួងមុខងារសាធារណៈ៕


























