ខេត្តកំពង់ឆ្នាំង ៖ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសំណើរបស់អាជ្ញាធរដែនដីដោយមានការយកចិត្តទុក ដាក់ដោះស្រាយបញ្ហាប្រឈម និងផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យស្របតាមច្បាប់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ បានចាត់ក្រុមចម្រុះមួយក្រុមដឹកនាំដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តរួមដំណើរដោយលោក អ៊ឹង លាងហ៊ួរ សមាជីកក្រុមប្រឹក្សាខេត្ត លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង តំណាងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលដ្ឋដែលបានសំណើលោកអភិបាលជួយដោះស្រាយ ។
ជាក់ស្តែងលោក ងិន ហ៊ុន តំណាងឱ្យលោកប្រធានក្រុមការងារបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា គោលបំណងសំខាន់របស់ក្រុមការងារ និងចុះពិនិត្យមើលជាក់ស្តែងនៅដីតំបន់ ២ និងតំបន់៣ ដែលពាក់ព័ន្ធនឹងការ ស្នើសុំរបស់ប្រជាពលរដ្ឋសុំភ្ជួរ និងពង្រាបដីដើម្បីធ្វើការងារបង្កបង្កើនផលឱ្យបានមុនរដូវទឹកឡើងហើយក្រុមការងារ និងចុះពិនិត្យជាក់ស្តែងនៅតាមតំបន់នីមួយៗដើម្បីយកលទ្ធផលបានពិនិត្យថ្ងៃនេះរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់ និងអាចឱ្យប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា ។
នៅពេលពិនិត្យជាក់ស្តែង និងការសាកសួរព័ត៌មានពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ដីនៅតំបន់នោះ គឺជាដីវាលស្រែមានគល់ជញ្ជ្រាំងពិតប្រាកដមែន ហើយគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០០៥មកម្ល៉េះ មិនមានព្រៃ លិចទឹកនោះទេ មានតែដើមត្រែង និងបន្លាយួនតែប៉ុណ្ណោះ ។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នានៅចំណុចមួយ ចំនួនដូចជា ត្រាក់ទ័រ ឱ្យភ្ជួរបាន ប៉ុន្តែហាមភ្ជាប់ប៉ែលរុញ ពង្រាប, ហាមឈូសលុបថ្លុកត្រពាំងបឹងធម្មជាតិប្រឡាយ ដែលមានជាប់នឹងស្រែ ហាមកាប់រានព្រៃលិចទឹកនៅជាប់នឹងព្រំក្បាលដី ។
ក្រោយពីបានចុះពិនិត្យសិក្សាស្រាវជ្រាវ និងពិភាក្សាជាមួយក្រុមចម្រុះរួចមក លោក ងិន ហ៊ុន តំណាងឱ្យ លោកប្រធានក្រុមការងារបានសុំឱ្យប្រជាពលរដ្ឋដែលបានចូលរួមផ្អាកការភ្ជួរ និងឈូសពង្រាបដីស្រែមួយរយៈពេល សិន និងសំណូមពរឱ្យលោក យិន សាវ៉េន អភិបាលស្រុកជលគីរី ធ្វើសំណើស្នើសុំដាក់ជូន ឯកឧត្តម អភិបាលខេត្ត ពិនិត្យ និងសំរេចជាមុនសិន ហើយពេលមានការសម្រេចពី ឯកឧត្តម អភិបាលខេត្ត ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាដើម្បីគាត់ធ្វើការងារភ្ជួររាស់ឱ្យបានមុនពេលទឹកឡើងមកដល់ ។
លោកក៏បានសំណូមពរដល់លោកអភិបាលស្រុកបន្ថែមទៀតថា ជៀសវាងក្រុមការងារចុះពិនិត្យរួចហើយ អាជ្ញាធរធ្វើឱ្យមានការយឺតយូរនាំឱ្យមានការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ ព្រោះនៅពេលនេះប្រជាពលរដ្ឋសំណូមពរ ភ្ជួរពង្រាបដីទាំងនេះ ទុកសម្រាប់ធ្វើស្រែអាស្រ័យផលនៅពេលរដូវទឹកស្របវិញ ក៏បានដែរឱ្យតែអាជ្ញាធរខេត្ត អនុញ្ញាត ។
ក្នុងឱកាសនោះដែរ លោក ងិន ហ៊ុន បានស្នើសុំ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណា ត្រូវចូលរួមគោរពតាមច្បាប់ ព្រោះថា ឯកឧត្តម អភិបាលខេត្តលោកនឹងដោះស្រាយជូនបងប្អូនឱ្យទាន់ពេលវេលា ៕




