បុរសម្នាក់ចូលព្រៃរកបេះបន្លែលក់ ជាន់ម៉ីនផ្ទុះរងរបួសជើងទាំងពីរ
ខេត្តបន្ទាយមានជ័យ៖ស្រុកអូរជ្រៅ
ពិតជាគួរឲ្យសង្វេក បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់ម៉ីនផ្ទុះ បណ្ដាលឱ្យជើងទាំងពីររងរបួសធ្ងន់ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងជើងឆ្វេងផងដែរ។សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ម៉ីនសល់ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរ។ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាធ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕ដោយ ទៀវ ដារិទ្ធ





