ខេត្តប៉ៃលិន ៖ ការចុះត្រួតពិនិត្យនេះ បានធ្វើការឡើង កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា កន្លងទៅនេះ ដឹកនាំដោយលោក ទឹង សុមិត្ត អគ្គនាយករងមជ្ឈមណ្ឌល មាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មអមដំណើរដោយ លោក អុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ។
លោក ទឹង សុមិត្ត បានឱ្យដឹងថា ក្រោយពីទទួលរបាយការណ៍ថា នៅក្នុងខេត្តប៉ៃលិន មានជញ្ជីងថ្លឹងមិន ប្រក្រតី ហើយស្របពេលដែលប្រជាពលរដ្ឋបានសំណូមពរ នៅក្នុងវេទិកាសាធារណៈថ្នាក់ខេត្ត និងថ្នាក់ជាតិថា មានជញ្ជីងថឹងកសិផលនៅតាមស្តង់ដំឡូងមីមួយចំនួនក្នុងខេត្តមិនត្រឹមត្រូវ ទើបខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអាជ្ញាធរខេត្តមួយចំនួនធ្វើយុទ្ធនាការចុះពិនិត្យជញ្ជីងថ្លឹងពោត ដំឡូងមី នៅតាមស្តង់រយៈពេល ៧ថ្ងៃ ។
លោកបានបន្តថា នៅពេលមន្ត្រីជំនាញជាច្រើនរបស់លោកបានសហការជាមួយ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តប៉ៃលិន ចុះធ្វើយុទ្ធនាការពិនិត្យជញ្ជីង ដែលដាក់នៅតាមស្តង់ទាំងអស់នៅក្នុងខេត្ត រយៈពេល៧ថ្ងៃនេះ ក្នុងគោលបំណងកំណត់គីឡូឱ្យបានត្រឹមត្រូវជាក់លាក់ ជៀសវាងកុំឱ្យមានភាពមិនប្រក្រតីកើតឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ។
លោកបានបញ្ជាក់ទៀតថា ក្រុមការបច្ចេកទេសបានចុះពិនិត្យជញ្ជីងនៅក្នុងស្តង់របស់ក្រុមហ៊ុន ស៊ី ភី ខេមបូឌាចំកាត់ ដែលស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយក្នុងការចុះត្រួត ពិនិត្យជាក់ស្តែងតាមបច្ចេកទេសនេះដែរ រកឃើញថា ជញ្ជីងនេះពិតជាត្រឹមត្រូវ មិនមានភាពលំអៀងអ្វីនោះទេ ហើយខាងលោកក៏បានចងខ្សែលួសនៅលើកូនជញ្ជីង ដើម្បីចំណាំឱ្យច្បាស់លាស់ផងដែរ ។ ប៉ុន្តែបើក្រុមហ៊ុនលួចកាត់ ខ្សែលួសដែលមន្ត្រីជំនាញបានចងនេះ ដោយមិនបានស្នើសុំទៅមន្ទីរ ឬក្រសួងក្រុមហ៊ុន ត្រូវទទួលពិន័យតាមច្បាប់ជា ធរមាន ។
ចំណែកប្រជាពលរដ្ឋបានរិះគន់ថា ទោះបីជាយ៉ាងណាក៏ដោយជញ្ជីងរបស់ឈ្មួញនៅតែស៊ីដដែល ព្រោះអី ពេលខាងក្រសួងចុះមកពួកគេរៀបចំឱ្យដើរត្រឹមត្រូវ លុះចេញទៅបាត់ពួកគេនឹងរៀបចំប្តូរជញ្ជឹងផ្សេងមកប្រើវិញ ។ ពួកគាត់សំណូមពរឱ្យខាងមន្ទីរជំនាញចុះត្រួតពិនិត្យឱ្យបានញឹកញាប់ និងមិនត្រូវប្រាប់ម្ចាស់ស្តង់ឱ្យបានដឹងមុននោះ ឡើយ ដើម្បីកុំឱ្យពួកគេមានឱកាសប្តូរជញ្ជីងពីមិនត្រឹមត្រូវមកជាប្រក្រតីវិញ ៕




