ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ រស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ទទួលបានអំណោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ។
លោក នុត ពុធដារ៉ា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ទាំង១០គ្រួសារ ដែលជានិច្ចកាលសម្ដេចទាំងពីរតែបានគិតគូរសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលជួបប្រទះនូវការលំបាក ជនងាយរងគ្រោះ កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជាដើមនៅទូទាំងប្រទេស ។
ជានិច្ចកាល សម្ដេចទាំងពីរតែងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានឲ្យ យកចិត្តទុកដាក់ និងធ្វើការរាយការណ៍អំពីបញ្ហានានាដែលកើតមានឡើងនៅមូលដ្ឋាន ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដាច់ពោះ ដោយពុំមានអាជ្ញាធរបានដឹងលឺនោះឡើយ។
អំណោយដែលត្រូវយកទៅចែកជូន ប្រជាពលរដ្ឋក្រីក្រទាំង១០គ្រួសាររួមមាន ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឆ្នាំងបាយ១ បំពង់ទឹកក្តៅ១ ចានស្រាក់១សម្រាប់ ចានដែកធំ១ ត្រីខ៣កំប៉ុង ទឹកដោះគោ២កំប៉ុង ទឹកក្រូច៥កំប៉ុង ស្ករស២កញ្ចប់ តែ២កញ្ចប់ ធូបមូស៣ប្រអប់ និងថវិកា១០ម៉ឺនរៀល។
លោកអភិបាលក៏បានណែនាំដល់សង្កាត់ ភូមិ ដែលជាអ្នកនៅជាប់ផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ សូមជួយដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ ហើយប្រសិនបើគ្មានលទ្ធភាពដោះស្រាយ សូមរាយការណ៍បន្ទាប់មកសាលាខណ្ឌ ដើម្បីធ្វើការដោះស្រាយ។
ជាមួយគ្នានេះ លោកអភិបាលក៏បានបន្តលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិ និងរាជធានីភ្នំពេញយើង ហើយសូមបងប្អូនបន្តថែរក្សាសុខភាព អនាម័យ ការរស់នៅ ហូបស្អាត រស់នៅស្អាត និងហាត់ប្រាណដើម្បីឲ្យសុខភាពបានល្អ រស់នៅបានយូរអង្វែង៕


