ខេត្តរតនៈគីរី ៖ ឈើប្រណីតដែលស្តុកទុកនៅឃ្លាំង ២កន្លែង នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង និងមួយកន្លែងទៀត ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកងរាជអាវុធហត្ថ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ត លោក ជា សុភ័ក្ត្រ ចុះបង្ក្រាប និងរឹបអូសយកទៅរក្សាទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រង់ចាំចំណាត់ ការតាមច្បាប់ព្រៃឈើ ហើយបានរឹបអូសឈើប្រណីត ៦-៧គោយន្តកែច្នៃ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៥ ។
ប្រភពរិះគន់ជុំវិញទីតាំងស្តុកឈើប្រណិតក៏ដូចនៅក្នុងក្រុងបានលុង បានបន្តថា ទាក់ទិនការស្តុកឈើក្នុង ឃ្លាំង ទាំងការដឹកជញ្ជូនទៅប្រទេសវៀតណាមនោះ ប្រហែលជាសមត្ថកិច្ចទាំងអស់សុទ្ធតែធ្លាប់ទទួលបានលាភ សក្ការៈពីម្ចាស់ឃ្លាំង ទើបគេអាចធ្វើសកម្មភាពស្តុក និងដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូននាពេលកន្លងមករហូត មកដល់ពេលនេះ ។
ប៉ុន្តែមជ្ឈដ្ឋានទូទៅនៅតែមានចម្ងល់ថា ការស្តុក និងដឹកជញ្ជូនឈើប្រណីតនៅទីតាំងខាងលើ គឺដំណើរការ ជាយូរណាស់មកហើយ ចុះហេតុអ្វីទើបតែពេលនេះ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ?
យោងតាមប្រភពព័ត៌មានជុំវិញទីតាំងស្តុកឈើខាងលើបានឱ្យដឹងថា ឃ្លាំងលាក់ឈើប្រណីតមួយនេះ មានជាយូរឆ្នាំមកហើយ សម្រាប់ស្តុកពីការប្រមូលទិញតាមម៉ូតូ ឬរថយន្តគ្រប់ប្រភេទ រួចដឹកជញ្ជូនបន្តទៅប្រទេស វៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយបង្កប់តាមរថយន្តប្រភេទទេសចរណ៍វៀតណាមដែលត្រូវឆ្លង កាត់ភ្នែកសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ចាប់តាំងពីនគរបាលប៉ុស្តិ៍រដ្ឋបាល អធិការតាមបណ្តាស្រុក កម្លាំងកងរាជ អាវុធហត្ថ និងយោធា ព្រមទាំងជំនាញរដ្ឋបាលព្រៃឈើ បរិស្ថានដែលនៅតាមគោលដៅចាប់ពីស្នាក់ការ និងតាមដង ផ្លូវពីក្នុងព្រៃមកដល់កន្លែងស្តុកបន្តរហូតដល់ច្រកទ្វារចូលទៅប្រទេសវៀតណាម រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ផងដែរ ។
ការចុះបង្ក្រាបនោះ ប្រភពបង្ហើបថា ម្ចាស់ឃ្លាំងជាជនជាតិវៀតណាម ឈ្មោះ គឹម ទៀង និងឈ្មោះ ញី ពុំឃើញវត្តមានក្នុងពេលបង្ក្រាបនោះទេ ។ ចំពោះឃ្លាំងស្តុកឈើប្រណីតរូបភាពបែបនេះ ពុំមែនមានតែមួយកន្លែង នេះទេ នៅក្នុងក្រុងបានលុងនេះ រួមទាំងតាមរោងចសិប្បកម្មជាច្រើនរាប់មិនអស់ទៀត ចាំមើលតើសមត្ថកិច្ចបង្ក្រាបដែរឬអត់ ?
ឈើព្រណីតរឹបអូសបានប្រមាណ ៦-៧ គោយន្តខាងលើ ជំនាញរដ្ឋបាលព្រៃឈើកំពុងរាប់ និងវាស់វែងពុំ ទាន់អាចប្រាប់ដល់អ្នកកាសែតឱ្យបានពិតប្រាកដនៅឡើយទេ ៕




