ខេត្តប៉ៃលិន ៖ នៅវត្តព្រំគីរីមរកត មានប្រារឰនូវពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះដោយមានការចូលរួមពី លោកស្រីស៊ុំ ហៀង និង លោកស្រី តាំង ហ្គិចលូង ជាពុទ្ធបរិសុទ្ធដែលមានសទ្ធាជ្រះថ្លា ក្នុងការផ្តួចផ្តើក្នុងវិធីបុណ្យនេះ ព្រះគ្រូ វ៉ែន ចន្ទសុម៉ៃ ព្រះចៅអធិការវត្តព្រំគីរីមរកត ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ យ៉ាងច្រើនកុះករ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ។
កម្មវិធីនេះធ្វើនៅវត្តព្រំគីរីមរកតមិនឆ្ងាយពីច្រកទ្វា អន្តរជាតិព្រំ ខេត្តប៉ៃលិននោះទេ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ព្រះគ្រូ វ៉ែន ចន្ទសុម៉ៃ ព្រះចៅអធិការវត្តព្រំគីរីមរកត បានមានសង្ឃដីកាឱ្យដឹងថាៈ ជារៀងរាលឆ្នាំវត្តព្រំគីរីមរកត តែងប្រារឰពិធីពូនភ្នំខ្សាច់ និងស្រង់ព្រះ ក្រោយវត្តនានាក្នុងខេត្តប៉ៃលិន ហើយធ្វើឱ្យមានការចាប់អារម្មណពីសំណាក់ពុទ្ធបរិស័ទ្ធ និងភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសថៃផងដែរ ។
ព្រះអង្គបានមានដីកាឱ្យដឹងដែរថាៈ ការពូនភ្នំខ្សាច់នេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លា ដែលគេបានកំណត់ រួចពូនឱ្យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មតហៅថា វាលុកចេតិយ គឺតំណាងឱ្យព្រះចូឡាមនីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។
ក្រោយពីយើងពូនភ្នំខ្សាច់រួច យើងនិងផ្សឹកភ្នំខ្សាច់នោះ ដែលគេឱ្យឈ្មោះថាផ្សឹកវាលុកចេតិយ ដើម្បីសុំខមាលទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះសុំឱ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចម្រើនតរៀងទៅ ។ បន្ទាប់មកលោកអាចារ្យឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅមាន មាតាបិតាជីដូន ជីតា ព្រមទាំងញាតិមិត្តទាំងអស់ផង ។
ចំណែកពិធីស្រង់ព្រះវិញ ព្រះអង្គមានសង្ឃដីកាថាៈ ជាការលាងសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ ហៅថា (ស្រង់ព្រះ) ផលបុណ្យផូតទឹកឱ្យឪពុកម្តាយ និងការលែងសត្វ ។ ព្រះពុទ្ធទ្រង់បានសម្តែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។ អ្នកដែលបានផូតទឹកឱ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានរឹទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង ។
ព្រះគ្រូ វ៉ែន ចន្ទសុម៉ៃ មានសង្ឃដីការថា ៖ ផលានិសង្ស ដែលបានស្រង់ព្រះសង្ឃ និងឪពុកម្តាយ អ្នកនោះទោះទៅកើតក្នុងភព ណាៗក្តីរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឱ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់ព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូរ រាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយា និងគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា ។
ទាំងនេះជាអានិសង្សផូតទឹកក្នុងពេលចូលឆ្នាំ ព្រមទាំងដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះផងដែរ ៕







