រតនគិរី ៖ ឈើប្រណិតប្រៀបដូចជាអាជីវកម្មមួយកំពុងត្រូវប៉ាន់ខ្លាំងណាស់សំរាប់សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ក្រសួងរកផលប្រយោជន៍។ គេសង្កេតឃើញរថយន្តប្រមាណ២០ទៅ៣០គ្រឿងដូចជាម៉ាកឡង់គ្រីស័រ លុច្សស៊ីស បាឡែន មួយបាំងកន្លះ និងរថយន្តសាំយ៉ុង ជាដើមផ្ទុកឈើប្រណិតឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយរលូន។
ជាក់ស្តែងរថយន្តសាំយ៉ុងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2D-1067 ផ្ទុកឈើប្រណិតពេញដែលគេដឹងថាជាកម្មសិទ្ធិរបស់យាយម៉ាន មានលំនៅដ្ឋាននិងកន្លែងស្តុកឈើស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង មានសេរីភាពដល់ប្រទេសវៀតណាមដោយរលូន។
ប្រភពពត៌មានពីសមត្ថកិច្ចតូចតាចប្រចាំការផ្លូវជាតិលេខ៧៨ដែលមិនបានទទួលផលប្រយោជន៍ពីជំនួញឈើ(សូមមិនបញ្ចេញឈ្មោះ) ប្រាប់ឲ្យដឹងថាការដឹកជញ្ជូនឈើរង្គើផ្លូវជាតិលេខ៧៨បានដោយរលូនបែបនេះដោយសារក្រុមឈ្មួញប្រើអំណាចទឹកលុយទាក់ទាញទឹកចិត្តសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធប្រមាន៧០ស្ថាប័នចាប់ពីទីរួមក្រុងបានលុងរហូតដល់ព្រំដែនវៀតណាមឡើងងងឹតមុខឈឹងភ្លេចអនុវត្តការងារនិងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ប្រភពប្រាប់បន្តទៀតថាទីផ្សារឈើកំពុងត្រូវប៉ាន់នៅប្រទេសវៀតណាមគឺឈើធ្នង់ ហើយប្រភពឈើត្រូវបានក្រុមឈ្មួញទៅប្រមូលទិញពីស្រុកកូនមុំ ស្រុកលំផាត់ ស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែងជាដើម។ ដោយក្រុមឈ្មួញដឹកមកស្តុកនៅក្រុងបានលុង ខ្លះដឹកទៅស្តុកទុកនៅស្រុកអូរយ៉ាដាវ និងក្រុមឈ្មួញខ្លះទៀតដឹកបង្ហួសទៅលក់នៅប្រទេសវៀតណាមតែម្តង តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ គេកំពុងតែឆ្ងល់ថាសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវទទួលសំណូក និងមានភាគហ៊ុនប៉ុន្មានជាមួយដង្ខៅវឈើបានជាបញ្ជាកូនចៅអោយចាំបើកបារ៉ាស់ពេលដែលរថយន្តដឹកបទល្មើសទៅដល់។ ទាក់ទិនទៅនិងក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នសម្ងំកើបលុយពីជំនួញឈើប្រណិតខុសច្បាប់ឆ្ពោះទៅវៀតណាមដោយគ្មានការទប់ស្កាត់នេះដែរមជ្ឈមណ្ឌលពត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីក្រុមសមត្ថកិច្ចទាំងនោះបានទេនៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ៕
សន ចានឌី






