ខេត្តរតនគិរី ៖ លោកវរៈសេនីយ៍ត្រី ចាន់ ណារិទ្ធ អាយុ៤៦ ជនជាតិខ្មែរ ជាអធិការរង ទទួលបន្ទុកព្រហ្មទណ្ឌស្រុកលំផាត់ បានដេកស្លាប់នៅលើអង្រឹងក្នុងផ្ទះរបស់ខ្លួន ដោយសារខ្យល់គរ ប្រពន្ធឈ្មោះ សៀង ជិច្ឆនៈ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានកូន៥នាក់ ស្រី៤នាក់នៅក្នុងបន្ទុក មានទីលំនៅភូមិលំផាត់ ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅអាស្រ័យដ្ឋានខាងលើ។
បើតាមលោក សូយ ថាយ អធិការស្រុកលំផាត់ បានឲ្យដឹងថា សពលោកចាន់ ណារិទ្ធ កាលពីប្រលប់បានហូបបាយជាមួយក្រុមគ្រួសារដូចសព្វមួយដងជាធម្មតា លុះហូបបាយហើយគាត់ក៏បានឡើងដេកលើអង្រឹងដែលចងនៅក្នុងផ្ទះរបស់ខ្លួន ហើយក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ហើយនៅវេលាខាងលើទើបប្រពន្ធដឹងថា ប្តីស្លាប់ ក៏មានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទាំង៣ស្ថាប័ននៅក្នុងស្រុក ក៏នាំគ្នាចុះមកដល់ផ្ទះកើតហេតុទាំងយប់ ក្រែងអំពើឃាតកម្មលើក្រុមគ្រួសារនេះ ។ លុះមកដល់សមត្ថកិច្ចពិនិត្យសពនោះបានអោយដឹងថា ពិតជាស្លាប់ដោយជំងឺលើសឈាម និងខ្យល់គរពិតប្រាកដមែន ។
បច្ចុប្បន្នសព លោកចាន់ ណារិទ្ធ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋទូរទាំងឃុំជ័យឧត្តម ដោយមានការអាណិតអាសូរដល់សពលោក ចាន់ ណារិទ្ធ ដោយលោកមានចរិកស្លូតបូតចេះជួយប្រជាពលរដ្ឋ និងជាមន្ត្រីល្អក្នុងស្រុកលំផាត់៕
ណាត ពៅ





