រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ ៨រោច ខែចេត្រ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ នៅទីស្នាក់ការកណ្តាលក្លឹបអ្នកកាសែតឯករាជ្យ បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំំមមែ សប្តស័ក ព.ស ២៥៥៩ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការកើតមានដល់សមាជិកសមាជិកា ក្លឹបអ្នកកាសែតឯករាជ្យទាំង អស់ក៏ដូចជាអ្នកសារព័ត៌មានទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងទទួលបានជោគជ័យខ្ពស់គ្រប់ភារៈកិច្ចទាំងអស់។
ក្នុងពិធីសូត្រមន្តប្រោះព្រំទទួលទេវតាឆ្នាំថ្មីឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក ទូច ណូរ៉ា ប្រធានសមាគមសារព័ត៌មានឃ្លាំមើលកម្ពុជានិងលោក ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព ព្រមទាំងចាងហ្វាងសារព័ត៌មានជាច្រើនរូបនៃសមាជិកសមាជិការបស់ក្លឹបអ្នកកាសែតឯករាជ្យ បានចូលរួម។
បន្ទាប់ពីពិធីសូត្រមន្ត ប្រោះព្រំ លើករាសីទទួលទេវតាឆ្នាំថ្មីដែលបានប្រព្រឹត្តទៅតាម គន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ បានធើ្វ អំណោយជាថវិកាផ្ទាល់ខ្លួន ជូនចំពោះព្រឹទ្ធាចារ្យដែលជារៀមច្បងអ្នកសារព័ត៌មានមួយចំនួនផងដែរ។
មុនបញ្ចប់កម្មវិធីសូត្រមន្តប្រោះព្រំលើករាសី លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ក៏បានផ្តាំផ្ងើចំពោះ សមាជិក សមាជិកាទាំងអស់ អោយខិតខំប្រឹងប្រែងពង្រឹងវិជ្ជាជីវៈរបស់ខ្លួន (វិជ្ជាជីវៈសារព័ត៌មាន) និងគោរពតាមក្រមសីលធម៌ព្រមទាំងរួបរួមសាមគ្គីគ្នាជាធ្លុងមួយដោយមិនរើសអើសនិន្នាការនយោបាយ និងអង្គភាពសារព័ត៌មានផ្សេងទៀតឡើយ។ អ្នកសារព័ត៌មានទាំងអស់ ពិសេសសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតឯករាជ្យទាំងអស់ ត្រូវដើរតួនាទីជាកម្លាំងចលករយ៉ាងមានសក្តានុពល ជាភ្នាក់ងារនាំសារដ៏សុក្រិត មិនលំអៀងនិងតុល្យភាព ជូនចំពោះប្រជាពលរដ្ឋទូទៅ និងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា រាល់ព័ត៌មានអសកម្មនានារបស់មន្ត្រីខិលខូចមួយចំនួន៕






