ភ្នំពេញ ៖ មន្ត្រីនគរបាលស្នងការនគរបាលរាជធានីភ្នំពេញថ្លែងថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៥នេះ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានបញ្ជូនពីនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ប្រគល់ស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។ ជនសង្ស័យ ឧកញ៉ា ថោង សារ៉ាត់ ត្រូវ បានសួរចម្លើយនៅព្រឹកនេះ ដោយលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានី ភ្នំពេញ និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
មន្ត្រីនគរបាលបានបញ្ជាក់ថា លោកឧកញ៉ា ថោង សារ៉ាត់ កំពុងត្រៀមបញ្ជូនចេញពីស្នងការដ្ឋាន នគរបាលក្រុងភ្នំពេញ ទៅកាន់តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃនេះ។ ដោយឡែក ភរិយាលោក ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ទាវ ធីតា និងកូនៗ បានស្កាត់ទៅជួបមុខលោកឧកញ៉ា ថោង សារ៉ាត់ នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ប៉ុន្តែមិនត្រូវបានមន្ត្រីនគរបាលអនុញ្ញាតឲ្យចូលជួបទេ ។
ឧកញ៉ា ថោង សារ៉ាត់ ដែលរងការចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយករណី បាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ ហើយបញ្ជូនមកពីប្រទេសវៀតណាម ដោយនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ហើយបាន នាំយកមកឃុំខ្លួនមួយយប់ គឺយប់ថ្ងៃទី១៦ នៅនាយកដ្ឋានកណ្តាលសន្តិសុខ ៕





